រាយការណ៍បានបញ្ជាក់ថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅលើពិភពលោកនេះ បានកើនឡើងដល់ ៤ លាននាក់ហើយ

127

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ការស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺ COVID-19 ពេលនេះបានកើនឡើងដល់ ៤ លាននាក់ហើយ។ ទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការស្លាប់ដោយសារជំងឺ COVID-19 មានចំនួន ៤,០០០,៩២៩ នាក់ គិតត្រឹមម៉ោង ៦ និង ០០ ព្រឹក UTC កាលពីថ្ងៃព្រហស្បតិ៍។ សហរដ្ឋអាមេរិកឈរនៅតែឈរលើតារាងដែលមានអ្នកស្លាប់ច្រើនជាងគេ ជាមួយនឹងករណីស្លាប់ចំនួន ៦០៦,២១៨ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលមាន ៥២៨,៥៤០ នាក់, ឥណ្ឌាមាន ៤០៤,២១១ នាក់ និងម៉ិចស៊ិកូមានចំនួន ២៣៣,៩៥៨ នាក់។

ពិភពលោកធ្លាប់បានចំណាយពេលរហូតដល់ទៅ ២៥០ថ្ងៃ សម្រាប់ការស្លាប់សរុបចំនួន ១ លាននាក់ នៅពេលដំបូងឡើយ ហើយក្រោយមកគឺ ១០៨ ថ្ងៃ សម្រាប់ការស្លាប់សរុប ២ លាននាក់, ៩៣ ថ្ងៃ សម្រាប់ការស្លាប់ ៣ លាននាក់ ហើយ ៨២ ថ្ងៃ សម្រាប់ការស្លាប់ ៤ លាននាក់ ពោលគឺការស្លាប់កាន់តែមានសន្ទុះរហូតមក។

អង្គការសុខភាពពិភពលោកក៏បានព្រមានអំពីការកើនឡើងនៃចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។ ជាក់ស្ដែងទិន្នន័យដែលចេញផ្សាយដោយ WHO បានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែមេសា អ្នកកើតជំងឺ COVID-19 បានស្លាប់ចំនួន ២៣៧,៨៣២ នាក់ នៅអាស៊ីអាគ្នេយ៍ ដែលស្មើនឹងប្រមាណ ៨% នៃចំនួនអ្នកស្លាប់សរុបទូទាំងពិភពលោក ហើយចំនួននេះបានកើនឡើងដល់ ៤៩៥,៩៣៩ នាក់ នៅដើមខែកក្កដា ដែលស្មើនឹង ១២% នៃចំនួនអ្នកស្លាប់សរុបរបស់ពិភពលោក៕ ប្រភព៖ NHK


Turbo tech solutions