សាលារាជធានីភ្នំពេញសម្រេចលែងឱ្យមានក្រុមម៉ូតូបើកផ្លូវឡានពេទ្យដោយសារធ្វើឱ្យផ្តល់ផលប៉ះពាល់សណ្ដាប់ធ្នាប់តាមដងផ្លូវ

561

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចឱ្យក្រុមម៉ូតូបំពាក់សារ៉ែនបើកផ្លូវឡានពេទ្យ ត្រូវបញ្ឈប់សកម្មភាពនៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយចាត់ទុកពួកគេទាំងនោះ ថា កំពុងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ខណៈមិនមានអង្គភាពណាមួយគ្រប់គ្រងច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយ ខ្មែរណាស់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ខ្មែរណាស់ ស្រង់សម្តី លោក សាន សុខសីហា មន្រ្តីនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញថា ក្រុមម៉ូតូទាំងនេះមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន ដោយពេលខ្លះពួកគេបង្កជាបញ្ហាសណ្តាប់ធ្នាប់ និងពេលខ្លះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត។

លោកថ្លែងថា៖«យើងដឹងយើងយល់ថាវាពាក់ព័ន្ធបញ្ហាមនុស្សធម៌ គាត់អាចធ្វើទៅបានប៉ុន្តែទាក់ទងសណ្តាប់ធ្នាប់ផ្សេងៗ ដែលមើលទៅរញ៉េរញ៉ៃ។ សូម្បីតែប្រជាពលរដ្ឋក៏គាត់ទូរសព្ទមកប្រាប់ពីបញ្ហានេះដែរ ដោយឃើញពួកគាត់(ក្រុមម៉ូតូបើកផ្លូវឡានពេទ្យ)ឆ្វេចឆ្វាចមើលទៅដូចជាអនាធិបតេយ្យពេក»។

លោកបន្តថា ប្រសិនបើសមត្ថកិច្ចបញ្ជាឱ្យពួកគាត់បញ្ឈប់ ប៉ុន្តែពួកគាត់នៅតែបន្តធ្វើសកម្មភាពទៀត ដំបូងគឺសមត្ថកិច្ចត្រូវហៅមកណែនាំហើយប្រសិននៅតែមិនស្តាប់ នោះនឹងចាត់តាមវិធានការច្បាប់របស់សាលារាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សមត្ថកិច្ចចាប់ផ្ដេីមអនុវត្តរឹតបន្តឹងលេីការបេីកបរម៉ូតូ ដែលបំពាក់​សារ៉ែន​ហេីយ​ឯក​ឧត្ដម​ ស​ ថេត​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចេញបទបញ្ជាឲ្យកងកម្លាំងតាមបណ្តាខណ្ឌទាំងអស់ចាប់ឃាត់ក្រុមយុវជនបេីកម៉ូតូបេីកផ្លូវឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ដែលមានបំពាក់សារ៉ែន​ ភ្លេីងរញ៉េរញ៉ៃ។ នេះបើតាមការចេញផ្សាយដោយ Fast News Plus កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕

ក្រុមម៉ូតូនាំផ្លូវឡានពេទ្យរបស់ក្រុម CEAS។ រូបភាព៖ ហ្វេសប៊ុកផេក Cambodia Escort Ambulances
ក្រុមម៉ូតូនាំផ្លូវឡានពេទ្យរបស់ក្រុម CEAS។ រូបភាព៖ ហ្វេសប៊ុកផេក Cambodia Escort Ambulances
Turbo tech solutions