ព្រះសង្ឃក្លែងក្លាយគ្រោងស្បង់ជីវរដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ប្រជាពលរដ្ឋក្នុងខណ្ឌកំបូល

108

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​១៨​នាក់​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល​ បង្ក្រាប​ចាប់ខ្លួន​ ខណៈ​ពួក​គេ​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទាំង​១៨​នាក់​ ក្នុង​នោះ​១៧​នាក់​ជា​ព្រះសង្ឃ​ក្លែងក្លាយ​ និង​០១​នាក់​ជា​អ្នក​បើករថយន្ត​ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ ឈឹ​ម​ សា​វុ​ទ្ធ​ អធិការរង​ ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ទទួល​ព័ត៌មាន​ប្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ នៅ​ក្នុង​មូលដ្ឋាន​ថា​មាន​មនុស្ស​មួយ​ក្រុម​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​មួយ​កន្លែង​ ក្នុង​ខណ្ឌ​កំ​បូល​ ហើយ​នៅ​ពេល​ព្រឹក​បាន​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​ រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​កំ​បូល​ជា​យូរ​មក​ហើយ​ ។​

​លោក​វរសេនីយ៍ទោ​បន្ត​ថា​ ក្រោយ​ពី​ទទួល​ព័ត៌មាន​នោះ​ លោក​អធិការ​នគរបាល​ខណ្ឌ​កំ​បូល​ ក៏​បាន​ចាត់​កម្លាំង​ចុះ​តាមដាន​ស្រាវជ្រាវ​អំពី​សកម្មភាព​មុខសញ្ញា​ជនសង្ស័យ​ ។​ នៅ​ថ្ងៃ​ខាងលើ​ជនសង្ស័យ​១០​នាក់​ក្នុង​នោះ​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​០៩​នាក់​ និង​០១​នាក់​ទៀត​ជា​អ្នក​បើករថយន្ត​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​កំពុង​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ដឹក​ប្រមូល​សង្ឃ​ក្លែងក្លាយ​ទាំងនោះ​ពី​គោលដៅ​មួយ​ចំនួន​ក្រោយ​ពី​រៃ​អង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។​បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​ទាំងនេះ​ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ក៏​បាន​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​ក្លែង​ជា​ព្រះសង្ឃ​០៨​នាក់​ទៀត​ ។​ ជនសង្ស័យ​ជា​សង្ឃ​ក្លែងក្លាយ​បន្ទាប់​មក​ត្រូវ​បាន​ ព្រះ​អនុ​គុណ​ខណ្ឌ​កំ​បូល​បាន​ចាប់​ផ្សឹក​ពួក​គេ​ហើយ​ ប្រគល់​ជនសង្ស័យ​ និង​វត្ថុ​តាង​ស្បង់​ជីវរ​ទៅ​សមត្ថកិច្ច​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនេះ​ផង​ដែរ​ មាន​០៧​នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ ។​

​លោក​អធិការរង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ បើ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​គេ​ធ្វើ​សកម្មភាព​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​ជា​យូរ​មក​ហើយ​ ក្រោម​ការ​ចាត់ចែង​របស់​មេខ្យល់​មានឈ្មោះ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៥​ឆ្នាំ​ ដោយ​ក្នុង​០១​ថ្ងៃ​ពួក​គេ​រៃ​អង្គាសប្រាក់​បាន​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ ក្នុង​នោះ​មេខ្យល់​ឈ្មោះ​ម៉េ​ង​ តម្រូវ​បង់​ឱ្យ​គេ​ក្នុង​០១​នាក់​ពី​៣​ម៉ឺន​ទៅ​៣​ម៉ឺ​៥​ពាន់​រៀល​ក្នុង​០១​ថ្ងៃ​ នៅ​សល់​ប្រាក់​ប៉ុន្មាន​ទៀត​គឺ​ពួក​ខ្លួន​ យក​មក​ចាត់ចែង​ចាយវាយ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​១៨​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរ​បាលជាតិ

Turbo tech solutions