ជនសង្ស័យ​ម្នាក់​ ឆក់​កាបូប​អ្នកដំណើរមិនបានសំរេច ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានសំរេច

152

កណ្ដាល​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ​តាម​ដងផ្លូវ​ ហើយ​ព្យាយាម​គេចខ្លួន​ ។​

ករណី​នេះ​បាន​កើតឡើង​នៅ​ ថ្ងៃ​១៤​ខែកក្កដា​ឆ្នាំ​២០២១​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​២០៦​ ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ស៊ន​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​:​ផ្ទះ​លេខ​៦៦​ផ្លូវ​លេខ​១០​បុរី​ភព​ថ្មី​២​ភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​BIM​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ គឹ​ម​ មនោ​រម្យ​ ហៅ​ណូ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅៈ​ភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

វត្ថុ​តាង​ចាប់​យក​មាន​ ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២១​ ស្លាក​លេខ​ភ្នំពេញ​1IS.3509(​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​),​កាបូប​យួរដៃ​ពណ៌​ឈាម​ជ្រូក​ចំនួន​១,​ កាបូបដៃ​ពណ៌​ឈាម​ជ្រូក​ចំនួន​១,​ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​(​ម៉ាក​iphone.Xs​ max​ពណ៌​មាស​ និង​ម៉ាក​ meitu ​ពណ៌​សលាយ​ផ្កាឈូក​ ។​

​សូម​បញ្ជាក់​ថា​ ជនសង្ស័យ​ខាងលើ​ មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ លេខ​២៩៦​ដក​ប​ច​ខ​ របស់​លោក​ ជួន​ វណ្ណ​:​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្តកណ្តាល​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២០​ ពី​បទ​ លួច​ មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ ២៣​ ខែមីនា​ ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

Turbo tech solutions