ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ១១៦នាក់ក្នុង១ថ្ងៃ និងអ្នកជំងឺម្នាក់ទៀតស្លាប់

77

(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា មនុស្សសរុបរហូតដល់ទៅ ១,៤៥១នាក់ ត្រូវបានធ្វើតេស្តរក COVID-19 កំលុងពេល ២៤ម៉ោងកន្លងទៅនេះ ហើយក្នុងនោះ ១១៦នាក់ចេញលទ្ធផល «វិជ្ជមាន»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ឡាវ Times។

ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៣,០៩២ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ០៤នាក់។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺមានតែពីរករណីប៉ុណ្ណោះ ដែលជាប្រភេទករណីឆ្លងសហគមន៍ ក្នុងនោះមួយករណីត្រូវរកឃើញនៅទីក្រុងវៀងច័ន្ទ និងមួយករណីទៀតនៅខេត្តឧត្តមសៃ (Oudomxay)។

សម្រាប់ករណីនាំចូលវិញ គឺ (Savannakhet) បានរកឃើញរហូតដល់ ៦៧ករណី និងខេត្ត ចម្ប៉ាសាក់ ៤១ករណី នៅក្នុងកំលុងពេល ២៤ម៉ោងដូចគ្នា។ នេះជារកឃើញករណីឆ្លងយ៉ាងច្រើនបំផុតមួយ ក្រោយពីប៉ុន្មានសប្តាហ៍ដែលប្រទេសឡាវ បានជួបភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរលើកដំបូង កាលពីអំឡុងខែមេសា ឆ្នាំ២០២១៕

Turbo tech solutions