សម្រេចបិទជាបណ្ដោះអាសន្ន ទីតាំងក្រុមហ៊ុន វីរ:ប៊ុនថាំ នៅខេត្ដកំពង់ឆ្នាំង ក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩

80

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វីរ:ប៊ុនថាំ ដែលស្ថិតនៅ ភូមិធម្មយុត្ដិ សង្កាត់រប្អរ ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅក្នុងទីតាំងនេះ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដ ដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២១នេះ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋបាលក្រុងកំពង់ឆ្នាំ បានបញ្ជាក់ឱ្យដឹងថា ក្នុងកំឡុងពេលបិទជាបណ្ដោះអាសន្ន ត្រូវមានការអនុវត្តវិធានការដូចខាងក្រោម ៖
១៖ ហ៊ុព័ទ្ធទីតាំងខាងលើទាំងមូលជាបណ្តោះអាសន្ន ។
២៖ ផ្អាកសកម្មភាពទទួលសេវាបញ្ញើឆាប់រហ័រ និងដឹកអ្នកដំណើរចេញ-ចូលទីតាំងខាងលើជាបណ្តោះអាសន្ន។
៣៖ ចំពោះបុគ្គលិក កម្មករ ក្រុមហ៊ុន ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយរក្សា «៣ការពារ ៣កុំ» និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ ។

បន្ថែមពីនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺមហាប្រល័យនេះ៕

Turbo tech solutions