ទីក្រុងបាងកក ឈានដល់កម្រិតអាក្រក់ខ្លាំងហើយ នោះគឺបញ្ហាខ្វះគ្រែពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩កម្រិតធ្ងន់

246

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា បញ្ហាខ្វះគ្រែពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកបានឈានដល់កម្រិតអាក្រក់ខ្លាំងហើយ ជាពិសេសគ្រែសម្រាប់ក្រុមអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់តែម្តង។

នេះបើតាមលោកវេជ្ជបណ្ឌិត Korakrit Limsommut ដែលជានាយករដ្ឋបាលនៃក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកមានគ្រែសរុបចំនួន ១,០០០គ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ ក្រុមក្រហម ហើយបច្ចុប្បន្នគ្រែដែលនៅទំនេរនោះគឺមានត្រឹមតែ ១០% ប៉ុណ្ណោះ។ សម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមលឿងវិញគឺគេនៅមានគ្រែទំនេរចំនួន ៤១៥គ្រែ បន្ថែមដោយគ្រែដែលស្ថិតនៅតាមបន្ទប់ដាច់ដោយឡែកចំនួន ៤៤៩គ្រែទៀត។

ដោយឡែកសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមបៃតងវិញគឺខាងមន្ទីរពេទ្យនៅក្នុងក្រុងបាងកកមានគ្រែទំនេរនៅតាមមន្ទីរពេទ្យធម្មតាចំនួន ៤,២០០ គ្រែ និងគ្រែនៅក្នុងមន្ទីរពេទ្យយោធាចំនួន ៥០០គ្រែបន្ថែមទៀត។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានកំណត់ប្រើពាក្យក្រុមក្រហមសម្រាប់សំដៅលើក្រុមអ្នកជំងឺកូវីដ ១៩ ដែលមានអាការៈកម្រិតធ្ងន់ ក្រុមលឿនសំដៅដល់ក្រុមអ្នកជំងឺមានអាការៈកម្រិតស្រាល និងក្រុមបៃតងសម្រាប់បញ្ជាក់អំពីក្រុមអ្នកជំងឺកូវីដ ១៩ ដែលគ្មានរោគសញ្ញាអ្វីទាល់តែសោះ៕

ប្រភព៖ Nation Thailand

Turbo tech solutions
HQP