មីយ៉ាន់ម៉ា៖ អ្នកជំងឺស្លាប់ដោយកូវីដ ១៩ បានកើនឡើងយ៉ាងគំហុក ខណៈទីបញ្ចុះសពខ្លះត្រូវទទួលបញ្ចុះសាកសពពី ៤០០-៥០០ ក្នុងមួយថ្ងៃ

95

មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈក្រុមអ្នកទទួលរៀបចំបញ្ចុះសាកសពនៅមីយ៉ាន់ម៉ាអះអាងថា ចំនួនអ្នកស្លាប់ជាក់ស្តែងនៅទូទាំងប្រទេសគឺមានខ្ពស់ជាងតួលេខដែលក្រសួងសុខាភិបាលដឹកនាំដោយរបបយោធាបានប្រកាសច្រើនខ្លាំងណាស់។ គេនៅចាំបានថា កាលពីថ្ងៃពុធ ទី ១៤ កក្កដា កន្លងទៅ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៤៥ នាក់ ដែលជាកំណត់ត្រាអាក្រក់មួយសម្រាប់មីយ៉ាន់ម៉ាផងដែរ។

យ៉ាងណាក្តី បើតាមលោក Bo Sein ដែលជាប្រធានក្រុមការងារផ្តល់សេវាដឹកជញ្ជូនសាកសាពបានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ ១៩​ មានរាប់រាយនាក់ក្នុងមួយថ្ងៃៗ ហើយបើគិតជាមធ្យមកាលពីសប្តាហ៍មុន ទីបញ្ចុះសាកសាព Yay Way ដែលជាកន្លែងធំជាងគេនៅក្នុងទីក្រុងយ៉ាំងហ្គោនត្រូវទទួលបញ្ចុះសាកសាពប្រមាណជា ២០០ ក្នុងមួយថ្ងៃ ខណៈទីបញ្ចុះសាកសពនៅក្នុងក្រុងចំនួន ២ ផ្សេងទៀតត្រូវទទួលបញ្ចុះសាកសាពខ្ទង់ពី ៤០០ ទៅ ៥០០ សាកសព។​ រហូតមកទល់នឹងពេលនេះក្រសួងសុខាភិបាលមីយ៉ាន់ម៉ានៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅនោះទេចំពោះការលើកឡើងនេះ ខណៈតួលេខផ្លូវការដែលខាងក្រសួងបានប្រកាសគឺចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ មក មីយ៉ាន់ម៉ាមានអ្នកឆ្លងសរុបជាង​២០៨,០០០នាក់ និងស្លាប់សរុប ៤,១៨១នាក់៕

ប្រភព៖  Channel News Asia

Turbo tech solutions