គ្រោះទឹកជំនន់ដ៏អាក្រក់ផ្ដាច់ជីវិតមនុស្សជាច្រើននាក់ នៅអាល្លឺម៉ង់ និងប៊ែលហ្សិក

102

អាល្លឺម៉ង់៖ មនុស្សយ៉ាងហោច ៥៩នាក់នៅប្រទេសអាល្លឺម៉ង់ និង ០៩នាក់ទៀត នៅប្រទេសប៊ែលហ្ស៉ិកបានបាត់បង់ជីវិត ខណៈជាច្រើននាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទៅលើតំបន់អឺរ៉ុបខាងលិច ដែលបណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវបាក់ដួលរលំផងដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរអាល្លឺម៉ង់ បានគូសបញ្ជាក់ថា សាកសពចំនួន ៣១នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតរបស់ខ្លួន គឺរដ្ឋ North Rhine-Westphalia ខណៈ ២៨នាក់ទៀតនៅក្នុងរដ្ឋជិតខាង គឺរដ្ឋ Rhineland-Palatinate ហើយមនុស្សប្រហែល ១,៣០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ ប្រជាជនប្រហែលជា ២០០,០០០គ្រួសារ នៅក្នុងរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ក៏កំពុងគ្មានអគ្គីសនីប្រើប្រាស់ផងដែរ។

ចំណែកឯនៅបែលហ្ស៊ិកវិញ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យទឹកទន្លេនៅតំបន់ Wallonia កើនឡើងយ៉ាងខ្លាំងរហូតដល់ជន់លិចខេត្ត Liege និង Namur ហើយប្រជាជននៅខេត្ត Liege ប្រមាណជិត ១,៨០០នាក់ត្រូវបានគេប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ឱ្យជម្លៀសចេញជាបន្ទាន់ ខណៈបណ្តាញផ្លូវដែក Infrabel របស់ប្រទេសនេះ ក៏កំពុងត្រូវផ្អាកសេវាកម្មនៅពាក់កណ្តាលភាគខាងត្បូងនៃប្រទេសនេះផងដែរ ដោយសារតែហានិភ័យក្នុងការធ្វើដំណើរ៕

ប្រភព៖ BBC

Turbo tech solutions