មន្ត្រី​កីឡាប្រដាល់​២​រូប​ត្រូវ​ជាប់​ពិន័យ ខណៈ​កីឡា​ករ​ម៉ឺន មេ​ឃា​ រង​ការ​ព្រមាន​រឿង​ចាប់​បោក​កីឡា​ករ​ឃឹម បូ​រ៉ា

135

ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​មហាជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កំពូល​ជុំវិញ​ការ​ប្រកួត​រវាង​កីឡាករ​ឃឹម បូ​រ៉ា​ និង​កីឡាករ​ម៉ឺន មេ​ឃា​ រួច​មក លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​ប្រើ​ធ​ម៌​ក្ដៅ​ភ្លាម​ៗ​ ដោយ​ចេញ​លិខិត​៣​ច្បាប់​ដូច​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ ដោយ​បាន​ផ្អាក​ការងារ​សមាជិក​គណៈកម្មការ​សហព័ន្ធ​កីឡា​គុន​ខ្មែរ និង​ស្នងការ​ប្រកួត​ចំនួន​២​រូប​រយៈពេល​៦ ស​ប្ដា​ហ៍​ដែល​មាន​កំហុសឆ្គង​ក្នុង​ការ​ផ្ដល់​យោបល់​លើ​ការ​កាត់ក្ដី​លើ​ការ​ប្រកួត​រវាង​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ ។

យោង​តាម​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​មួយ​រូប​ដែល​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មានកាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ កក្កដា​ ថា​ សហព័ន្ធ​បាន​សម្រេច​ផ្អាក​ការងារ​លោក​មាស សុ​គ្រី ​ដែល​ជា​ស្នងការ​ប្រកួត​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​ ​រយៈពេល​៦​ស​ប្ដា​ហ៍​ដោយ​បាន​ចោទ​ប្រកាន់​ថា​លោក​មាន​កំហុសឆ្គង​ក្នុង​ការ​ផ្ដល់​យោបល់​លើ​ការ​កាត់ក្ដី​រវាង​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ មិន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ។ ​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀត​ថា ​ពេល​នេះ​សហព័ន្ធ​បាន​ប្រើ​ធ​ម៌​ក្ដៅ​លែង​មានការ​យោគ​​យល់​ទៀត​ឡើយ ដោយ​ត្រូវ​តែ​អនុវត្ត​ក្រប​ខណ្ឌ​បច្ចេកទេស​ទាំងអស់​គ្មាន​កា​រ​​យោគយល់​នោះ​ទេ​។

ចំណែក​លោក​មាស សុខ​គ្រី​ វិញ​លោក​ប្រាប់​ថា​ ទាំងនេះ​មិនមែន​ជា​កំហុសឆ្គង​តែ​លោក​ម្នាក់ឯង​នោះ​ទេ​គឺ​មាន​ជា​ច្រើន​នាក់​ទៀត​​ហើយ​ដាក់​ពិន័យ​តែ​លោក​ម្នាក់ឯង​លោក​មិន​អាច​ទទួលយក​បាន​នោះ​ទេ ​។ ​រឿ​ង​​នេះ​គ្រាន់តែ​សម្ដេច​តេជោ​ប្រតិកម្ម​ភ្លាម​ ម្នាក់​ៗ​ភ័យ​ឡើង​បះសក់ រត់​យករួចខ្លួន​ហើយ​ដាក់​កំហុស​តែម​ន្ស​ម្នាក់​វា​មិន​សម​នោះ​ទេ​។

រីឯ​លោក​រាម កុសល ​ជា​អាជ្ញាកណ្ដាល​កាត់ក្ដី​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រយៈពេល​៤​ស​ប្ដា​ហ៍​ដោយ​គេ​បាន​ចោទ​ថា មាន​កំហុសឆ្គង ធ្វេស​ប្រ​ហែស​ និង​យឺត​​យ៉ាវ​​ក្នុង​ការ​ព្រមាន​ដល់​កីឡាករ​ម៉ឺន មេ​ឃា​ ជា​លើក​ដំបូង​ដែល​ប្រកួត​ខុស​បច្ចេកទេស នៃ​ការ​ប្រកួត​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០២១ ​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​។

ដោយឡែក​កីឡាករ​ម៉ឺន មេ​ឃា​ ក៏​ត្រូវ​បាន​សហព័ន្ធ​ធ្វើការ​ព្រមាន​ជា​លើក​ទី​១ ដោយ​ចោទ​​ប្រកាន់​ថា​ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១០​ជាមួយ​កីឡាករ​ឃឹម បូ​រ៉ា​ ធ្វើ​ឱ្យ​មាន​កំហុសឆ្គង​យ៉ាងធ្ងន់ធ្ងរ មិន​គោរព​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​ដោយ​គេ​បាន​ចាប់​បោក​កីឡាករ​ឃឹម បូ​រ៉ា ​រហូត​ដល់​ថ្នាក់​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣៕​

Turbo tech solutions