កម្លាំងស្នងការរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបនៅទីតាំងក្លឹបកម្សាន្តបើកលួចលាក់មួយកន្លែង ឃាត់ខ្លួនបានប្រុសស្រីជនជាតិចិន-វៀតណាមជាច្រើននាក់ ស្ថិតនៅខាងក្រោយអតីតក្លឹបកម្សាន្ត X2

85

ភ្នំពេញ៖ បុរសជនជាតិចិន និងនារីជនជាតិចិន-វៀតណាម ចំនួនជិត៩០នាក់ ត្រូវបានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើឃាត់ខ្លួនបន្ទាប់ពីឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តលួចលាក់ ដែលបើកដំណើរការបង្កប់ក្លឹបកម្សាន្ត និងសង្ស័យមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន(ថ្នាំក្រវី) នៅក្នុងអាគារ ដែលកំពុងតែជួសជុលមួយកន្លែងកម្ពស់១២ជាន់ កាលពីវេលាម៉ោង ១២៖១០នាទីរំលងអាធ្រាត្រ ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយអតីតក្លឹបកម្សាន្ត X2 លើផ្លូវ៥៥ កែងផ្លូវ២២២ ស្ថិតក្នុតសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍(កិច្ចការពិសេស SDU របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) សហការជាមួយកម្លាំងការិយាល័យ ព្រហ្ម ទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តោប្រវេសន៍ បានធ្វើការ ចុះបង្ក្រាបជាក់ស្ដែង នៅត្រង់ចំណុច កើតហេតុ ដែលជាអាគារកំពុងធ្វើការជួសជុលមានកំពស់ ១២ជាន់ ហើយធ្វើការឆែកឆេរក្នុងបន្ទប់តាមជាន់នីមួយៗ រហូតដល់ជាន់ទី៦ ដែលជាកន្លែងលួចលាក់បើក ក្លឹបកម្សាន្ត និងមានប្រើប្រាស់ថ្នាំញៀនជា ប្រភេទថ្នាំក្រវី។ សូមបញ្ជាក់ថានៅជាន់ទី៦ កម្លាំងសមត្ថកិច្ច បានរកឃើញបន្ទប់ធំៗ ចំនួន ៣បន្ទប់ ដែលរៀបចំជាប្រភេទជាក្លឹបកម្សាន្ត និងមានជនជាតិចិនប្រុសស្រីជាច្រើននាក់ បានចូលទៅលេងកម្សាន្តពពាក់ពពូនគ្នា ស្ដាប់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ ក្រោមភ្លើងចម្រុះពណ៌នៅខាងក្នុង។

តាមរយៈប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងដែលសមត្ថកិច្ចបង្ក្រាបខាងលើ បានប្រាប់ថា ទីតាំងអាគារកម្ពស់១២ជាន់ខាងលើ គឺកំពុងជួសជុលមិនទាន់រួចរាល់នៅឡើយ បានលួចបើកស្ងាត់រយៈពេលប៉ុន្មានខែមកហើយ ហើយគេសង្កេតឃើញមានបុរសជនជាតិចិនបើករថយន្តស៊េរីទំនើបៗលំដាប់អ្នកមាន ជួនកាលដឹកនារីៗចិននិងវៀតណាមស្អាតៗ មកឈប់ ចតរថយន្តតាមផ្លូវ គ្មានសណ្ដាប់ធ្នាប់ឡើយ សូម្បីតែនៅច្រកចេញចូលមុខផ្ទះប្រជាពលរដ្ឋ ក៏មកឈប់ចតចោលបន្តកន្ទុយគ្នា រកផ្លូវចេញចូលផ្ទះមិនបានឡើយ រួចដើរចូលទៅ ក្នុងអាគារនោះបាត់ ហើយជួនកាលពួកគាត់ឃើញមាននារីជនជាតិចិន និងជនជាតិវៀតណាមស្អាតៗ ជិះកង់បីឥណ្ឌា ឬជិះរថយន្តតាក់ស៊ីមកក៏មាន ដែលលួចចូលកម្សាន្តប្រមូលផ្ដុំគ្នាពពាក់ពពូនគ្នា រាប់សិបនាក់ មិនខ្លាចឆ្លងជំងឺកូវីដ១៩សោះឡើយ។

អស់រយៈពេលជាង ៣ម៉ោង ក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាបនេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន និងនារីជនជាតិចិននិងវៀតណាម សរុបចំនួន ៨៧នាក់ (ក្នុងនោះមានស្រី៣៤នាក់) និងចាប់ដកហូតវត្ថុតាងមួយចំនួនមានទូរ ដែកចំនួន០១ និងរថយន្តជាច្រើនគ្រឿងរួមទាំងវត្ថុតាំងជាច្រើនផ្សេងទៀត។

បច្ចប្បន្នមនុស្សប្រុសស្រីចំនួន៨៧នាក់ រួមទាំងវត្ថុតាងដែលដកហូត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំផ្នែកជំនាញធ្វើតេស្តពិសោធន៍ រកសារធាតុញៀន និងបែងចែក តាមប្រភេទបទល្មើសដែលពាក់ព័ន្ធ ដើម្បីកសាងសុំណំរឿងបន្តចាត់ការតាមនីតិវិធី ៕

Turbo tech solutions