ឯកឧត្តម វ៉ាត់ ចំរើន៖ អត្តពលិកកម្ពុជា ចូល​រួម​ប្រ​កួតអូ​ឡាំ​ពិក ដោយ​មោទ​ន​ភាព ដើម្បី​ទង់​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ

58

ភ្នំពេញ៖ ប្រតិភូ និងអត្តពិកអូឡាំពិកកម្ពុជានៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដានេះ បាន​ធ្វើ​ដំ​ណើរ​ទៅ​ទី​ក្រុង​តូក្យូ ប្រ​ទេស​ជប៉ុន​ហើយ ដើម្បី​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អូឡាំពិក ឆ្នាំ​២០២០ (Tokyo Olympic Game 2020) ចាប់​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ក្រោម​ការ​ដឹក​នាំ​របស់​ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា​ (NOCC) និង​ជា​នាយ​បេ​ស​ក​កម្ម។ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន​មុន​ចាកចេញ​ពី​មាតុ​ភូមិ​ថា បេសក​កម្ម​នេះ គឺជា​មោទ​ន​ភាព​របស់​ប្រតិភូ និង​កីឡាករ​-​កី​ឡា​ការិនី ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ ពិ​សេស​ឯក​ឧត្តម​បាន​ថ្លែង​អំ​ណរ​គុណ​ជា​ថ្មី ចំ​ពោះ​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ក៏​ដូច​ជា​ឯក​ឧត្តម អ៊ុក សិទ្ធិជាតិ ដែល​បាន​រៀប​ចំ​កម្ម​វិធី​ជួប​សំ​ណេះ​សំ​ណាល ជូន​ដំ​ណើរ និង​លើក​ទឹក​ចិត្ត​ដល់​ប្រ​តិភូ និង​អត្ត​ពលិ​ក​កម្ពុជា កាល​ពី​ម្សិល​មិញ។ឯកឧត្តមនាយកបេសកកម្មបានមានប្រសាសន៍ថា «អ្វី​ដែល​យើង​ទាំង​អស់​គ្នាមាន​មោទ​ន​ភាព គឺ​បេសក​កម្ម​លើក​នេះ ខុស​ពី​លើក​មុនៗ បើ​ទោះ​បី​មាន​ការ​បារម្ភ​ពី​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដ្រ​ក៏​ដោយ តែ​ក្រុម​របស់​យើង នៅ​តែ​មាន​ឆន្ទៈមោះ​មុត​ក្នុង​ការ​ចូល​រួម ហើយ​ត្រូវ​តែ​ចូល​រួម​ឲ្យ​បាន ដើម្បី​តំ​ណាង​ឲ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា តំ​ណាង​ទង់​ជាតិ​របស់​យើង ក្នុង​ពិធី​បើក​អូឡាំពិក ៤​ឆ្នាំ​ម្ដង ដែល​យើង​ជា​សមា​ជិក យើង​មិន​អាច​បោះបង់​ការ​ចូលរួមរបស់យើងបានឡើយ។យើងដឹងហើយថា កម្ពុជាយើងបានចូលជាសមាជិ​ក​គណៈ​កម្មាធិ​ការជាតិ​អូឡាំពិកឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧មករាមក គឺនៅឆ្នាំ១៩៩៤ ហើយ​យើងបានចូលរួមការប្រកួតកីឡាអូឡាំពិក ក្រោយ​ពី​សង្គ្រាមស៊ីវិល គឺនៅឆ្នាំ១៩៩៦ អញ្ចឹងហើយ តាំងឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦ ក្នុង​រង្វង់​នៃប្រទេសមានសង្គ្រាម យើងមិនបានចូលរួមទេ តែឥឡូវនេះ គឺ​ប្រទេស​មានសុខសន្ដិភាពពេញលេញហើយ​ប្រទេស​ជាតិ​ក៏មាន​ការរីក​ចម្រើន ទើបយើងទាំងអស់គ្នា ត្រូវតែ​ថែរក្សា​ការចូលរួម​ក្នុងនាម​សមាជិក​ភាព និង​ជាកាតព្វកិច្ច​របស់​យើងឲ្យបានជារៀងរាល់ឆ្នាំ បើ​ទោះ​បីមានបញ្ហាកើតក្នុងការរៀបចំអូឡាំពិកក៏ដោយ ក៏យើង​ត្រូវតែ​ចូលរួម​ដែរ ព្រោះយើងទាំងអស់គ្នា មាន​ស្មារតី​អូឡាំពិក​នៅក្នុង​បេះដូងយើងទាំងអស់គ្នា។ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ ដែលការចូលរួមប្រកួត​កីឡា​អូឡាំពិក លោក Pierre De Coubertin គាត់​បានមានប្រសាសន៍​ហើយថា កីឡាអូឡាំពិក សំខាន់ជាងគេ គឺការចូលរួម ព្រោះ​ជាការដែលធ្វើឲ្យពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្ដិភាព ដែលកម្ពុជាយើងបានដាក់ទ្រឹស្ដីក្នុងបាវចនា នៃព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា “កីឡារស់ក្នុងសន្ដិភាព”។ អញ្ចឹងយើង​ទៅនេះ ទៅដើម្បីសន្ដិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វកិច្ចជាសមាជិកចលនាអូឡាំពិកពិភពលោក។អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺកិត្តិយសសេចក្ដីថ្លៃថ្នូរដែល​កីឡាករ-កីឡាការិនី​របស់យើង ខិតខំប្រឹងប្រែងក្នុងការប្រកួត ហើយ​ប្រកួតដោយមោទនភាព គោរពគោលការណ៍ Fair-Play បទ​បញ្ជា​ការប្រកួត និងក្រមសីលធម៌កីឡាករ។ ទោះបីគ្រូ និង​កីឡាករ-កីឡា​ការិនីរបស់យើងមានចំនួនតិចមែន ក៏ប៉ុន្ដែ​យើង​នឹងនាំ​ត្រឡប់​មក​វិញនូវកិត្ដិយស មិនឲ្យយើងពាក់ព័ន្ធទៅនឹងសារធាតុដូប៉ា ឬរំលោភ​បទបញ្ជាការប្រកួតទេ ដែលនេះជាសារអបអរសាទរមួយ ដែល​ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានយក​ចិត្តទុកដាក់ណាស់ ចំពោះវិស័យកីឡា ពិសេស​ការយកចិត្តទុកដាក់ដល់កីឡាករ-កីឡាការិនីរបស់យើង»។គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានឯកឧត្តម វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ដោយឡែកនៅក្នុងពិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ម្សិលមិញ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងម្នាក់ៗ ៦០០ដុល្លារ។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ដែលបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ ដែលជាការលើកទឹកចិត្ត និងផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕

ប្រភពរូបភាព Yuen Punlue

Turbo tech solutions