ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «១៧០នាក់ក្នុង១ថ្ងៃ» ដែលជាចំនួនច្រើនគួរឲ្យព្រួយបារម្ភ

77

វៀងច័ន្ទ៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗចំនួន ១៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៉ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាល់ប្រាប់សន្និសីទកាសែតមួយថា ករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗខាងលើនេះ សុទ្ធតែជាករណីនាំចូលទាំងអស់ ដោយគ្មានករណីឆ្លងក្នុងសហគមន៍ឡើយ។

ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ១៧០ករណីនោះ មាន ៩៨ករណី ត្រូវបានរកឃើញនៅក្នុងខេត្ដ សុវណ្ណាខេត្ត (Savannakhet), ៣៨ករណីនៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak), ២០ករណីនៅក្នុងខេត្ត សារ៉ាវ៉ាន់ (Saravan), ១០ករណីនៅក្នុងរដ្ឋធានីវៀងច័ន្ទ (Vientiane Capital) និង ០៤ករណីទៀតនៅក្នុងខេត្ដ ខាំមួន (Khammuan)។

គួរបញ្ជាក់ថា ១៧០ករណីឆ្លងក្នុងមួយថ្ងៃ គឺជាតួលេខខ្ពស់បំផុត លើកដំបូងសម្រាប់ប្រទេសឡាវ គិតចាប់តាំងពីប្រទេសនេះ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០២ករណីលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣,៧១០ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៤៨៣នាក់៕

Turbo tech solutions