រថយន្ត​ដឹក​ជញ្ជូន ស្នើ​សុំ ៣​ចំណុច ដែល​ខុស​ពី​ច្បាប់​កំណត់ បាន​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ហើយ

222

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ បានអោយដឹងថា លោក សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ដឹកនាំ​គណៈប្រតិភូ និង​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ ចុះ​ដោះស្រាយ និង​ពិនិត្យ​សំណូមព​របស់​តំណាង​ក្រុម​យានយន្ត​ដឹក​ជញ្ជូន លើ​បញ្ហា​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ទីតាំង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ ព្រំប្រទល់​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល ។

តំណាង​របស់​យានយន្ត​ដឹក​ជញ្ជូន​ទាំង ៥​រូប បាន​ស្នើ​សុំ​ដំណោះស្រាយ ៣​ចំណុច ដែល​ខុស​ពី​ច្បាប់ និង​ឯកសារ​គតិយុត្តិ រួម​មាន ៖

ទី​១. ស្នើ​សុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៥៥​តោន (​បន្ថែម​១៥​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៥ (V1) ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ​៤០​តោន ស្នើ​សុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៤៥​តោន (​បន្ថែម​១៥​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៤ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ​៣០​តោន ស្នើ​សុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ៣៥​តោន (​បន្ថែម​១០​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​៣ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ ២៥​តោន និង​ស្នើ​សុំ​ផ្ទុក​ទម្ងន់​សរុប​ដល់ ២៥​តោន (​បន្ថែម​៩​តោន​) ចំពោះ​ប្រភេទ​យានយន្ត​ភ្លៅ​២ ដែល​ក្នុង​ច្បាប់​កំណត់​ត្រឹមតែ ១៦​តោន ។

ទី​២. ស្នើ​សុំ​ត្រឹម​កុំ​ឲ្យ​មាន​ឃាត់​យានយន្ត​ចំនួន​មួយ​ឆ្នាំ ដោយ​សុំ​ត្រឹមតែ​ពិន័យ​ជា​ថវិកា ។

និង​ទី​៣. ស្នើ​សុំ​ដោះ​លែង​យានយន្ត​ទាំងឡាយ​ណា ដែល​កំពុង​ឃាត់​ទុក​មួយ​ឆ្នាំ ឲ្យ​ចរាចរណ៍​ដឹក​ជញ្ជូន​បាន ។

ជា​ការ​ឆ្លើយ​តប លោក​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ និង​ថ្នាក់ដឹកនាំ បាន​ទទួល​ពិនិត្យ​សំណូមពរ​ទាំង ៣​ចំណុច​ខាងលើ និង​គោរព​រាយការណ៍​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ជូន និង​ស្នើ​សុំ​ឲ្យ​ក្រុម​យានយន្ត​ដឹក​ជញ្ជូន​ទាំងអស់ កុំ​ប្រមូលផ្តុំ ជៀសវាង​ការ​ឆ្លង នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

គួរ​បញ្ជាក់​ថា គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឃាត់​យានយន្ត​ដែល​រក្សា​ទុក​ចំនួន​មួយ​ឆ្នាំ ១៧៣​គ្រឿង ដោយ​អនុវត្ត​យ៉ាង​តឹង​រឹង​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ តាម​ច្បាប់ ស្តី​ពី ផ្លូវថ្នល់​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ (​ស​ជ​ណ សក​.​គត​ល​ទ​) ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។

សូម​អំពាវនាវ ចំពោះ​ក្រុមហ៊ុន និង​ឯកជន ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ចូលរួម​គោរព​តាម​នូវ​អនុសាសន៍ ដ៏​មាន​អត្ត​ន័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ការ​ប្រកប​មុខរបរ​ទទួលទាន ក៏​ដូច​ជា ការ​បំពេញការងារ តាម​វិជ្ជាជីវៈ របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ គឺថា ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គម​ជាតិ ដែល​កំពុង​មាន​សន្តិភាព និង​ការ​រីក​ចម្រើន អរគុណ​សន្តិភាព​” និង​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាប់​គង់វង្ស​តាម​អាយុកាល​កំណត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ៕

Turbo tech solutions
HQP