ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងមកដល់កម្ពុជា

72

(ភ្នំពេញ)៖ វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងស៉ីណូហ្វាម ដែលដឹកមកដល់កម្ពុជាព្រឹកថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។

មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហើយ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងដែលជាជំនួយ និងទិញមកពីប្រទេសចិន។

នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រូតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បានសម្តែងការត្រេកអរ និងបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ៕

Turbo tech solutions