សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅព្រលានយន្តហោះ ក្នុងរាត្រីនេះ

176

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ។ លើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចស្វាគមន៍រាល់វ៉ាក់សាំងទាំងអស់របស់ប្រទេសជាមិត្ត ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមិនមានការរើសអើងចំពោះវ៉ាក់សាំងណាមួយនោះឡើយ។

ការអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុនពីសំណាក់សម្តេច ហ៊ុន សែន ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ចំពោះជំហររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះនយោបាយវ៉ាក់សាំងដូចអ្វីដែលសម្តេចបានបញ្ជាក់នាពេលកន្លងទៅ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ជប៉ុននៅយប់នេះ ក៏ជាការបញ្ជាក់ទៅមតិអវិជ្ជមានចោទប្រកាន់រាជរដ្ឋាភិបាលផ្តល់តម្លៃតែវ៉ាក់សាំងរបស់ចិន មិនផ្តល់តម្លៃវ៉ាក់សាំងមកពីបណ្តាប្រទេសដទៃផងដែរ។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលដឹកមកដល់កម្ពុជាយប់នេះមានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

លោកស្រី Ai Onishi លេខាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រាប់ថា វ៉ាក់សាំងនៅសេសសល់នឹងដឹកមកក្នុងពេលឆាប់ៗជាបន្តទៀត ក្រោយពេលការរៀបចំបានរួចរាល់។ លោកស្រី Ai Onishi ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងដែលជាជំនួយមកកាន់ប្រទេសកម្ពុជានេះ គឺជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្តង។

ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកឯកអគ្គរាជទូត បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

លោកបន្តថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

បើតាមលោកឯកអគ្គរាជទូតប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។

ក្រៅពីនោះរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោកឯកអគ្គរាជទូត ក៏បានបង្ហាញជំហរមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់។

សូមបញ្ជាក់ថា វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។

គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រ មាណ ១៧លានដូសហើយ។ តាមរយៈវ៉ាក់សាំងនេះ បានជួយឱ្យកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦.៤លាននាក់រួចហើយ ដែលស្មើនឹង ៦៤.៥៥% ធៀបនឹងគោលដៅចំនួនប្រជាពលរដ្ឋត្រូវចាក់ប្រមាណ ១០លាននាក់។

ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រូតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បានសម្តែងការត្រេកអរ និងបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ។

កម្ពុជា បានក្លាយទៅជាប្រទេសមួយដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនមួយលឿន។ លទ្ធផលដែលសម្រេចបានលើការចាក់វ៉ាក់សាំងនេះ នាំឱ្យមានការសាទរ និងកោតសរសើរពីអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍នានាផងដែរ៕

Turbo tech solutions