តារាចម្រៀងរ៉េបស្រី វ័យ១៨ ឆ្នាំម្នាក់ ត្រូវបានរដ្ឋាភិបាលថៃធ្វើការចោទប្រកាន់ក្រោមបទបរិហារកេរ្តិ៍ថា ការគ្រប់គ្រងជំងឺកូវីដរបស់រដ្ឋាភិបាលថៃមិនបានល្អ

90

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា គណៈកម្មាធិការរបស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងតារាចម្រៀងរ៉េបវ័យ ១៨ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Danupa Kanaterrakul ឬហៅក្រៅថា Milli នៅក្រោមបទបរិហាកេរ្តិ៍ ដោយសារតែនាងបានរិះគន់នៅលើបណ្ដាញសង្គម Twitter ទាក់ទងនឹងការគ្រប់គ្រងជំងឺ COVID-19 មិនបានល្អរបស់រដ្ឋាភិបាលនៃប្រទេសថៃ។ ជម្រាបផងដែរថា កញ្ញា Milli គឺជាតារាម្នាក់នៅក្នុងចំណោមតារាថៃច្រើនជាង ២០ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ទាក់ទងនឹងការរិះគន់លើរដ្ឋាភិបាល។

កញ្ញា Milli ត្រូវបានប៉ូលីសកោះហៅទៅបំភ្លឺរឿងក្ដីបរិហាកេរ្តិ៍ នៅឯស្ថានីយប៉ូលីស Nang Loeng ក្នុងទីក្រុងបាងកក។ នាងបានសារភាពនូវទោសកំហុសរបសខ្លួន និងបង់ប្រាក់ពិន័យប្រមាណជា ២,០០០ បាត ឬ ៦០ ដុល្លារអាមេរិក។ វាមិនច្បាស់នោះទេថា ការបង្ហោះរបស់កញ្ញា Milli មានខ្លឹមសារពេញបែបណា គ្រាន់តែដឹងថាក្នុងមួយរយៈពេលចុងក្រោយនេះ តារាថៃជាច្រើននាក់បានប្រើប្រាស់សំឡេងរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់ដល់ពលរដ្ឋ និងបន្ទោសលើការឆ្លើយតបយឺតយ៉ាវរដ្ឋាភិបាល ទើបធ្វើឱ្យមានការឆ្លងរាតត្បាតក្នុងចំនួនយ៉ាងច្រើនដូចសព្វថ្ងៃនេះ៕

ប្រភព៖ បាងកកប៉ុស្ដិ៍

Turbo tech solutions