mRNA ជាវ៉ាក់សាំងការពារកូវីដ ដែលថៃផលិតដោយខ្លួនឯង អាចនឹងដាក់ប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ

94

ថៃ៖ សារព័ត៌មាន National Thailand បានចុះផ្សាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ mRNA ដែលផលិតនៅក្នុងប្រទេសថៃអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ ២០២១ នេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Chalermchai Boonyaleepun ដែលជាអនុប្រធានគណៈកម្មាធិការសុខភាពសាធារណៈរបស់ព្រឹទ្ធសភាថៃបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង mRNA នៅក្នុងខ្លួនមនុស្សត្រូវបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន កាលពីខែមិថុនាកន្លងទៅនិងគ្រោងបិទបញ្ចប់នៅចុងខែកក្កដានេះ ខណៈការធ្វើតេស្តនោះត្រូវបានរៀបចំឡើងចំពោះមនុស្ស ២ ក្រុម គឺក្រុមពលរដ្ឋដែលមានអាយុពី ១៨-៥៥ឆ្នាំ និង ក្រុមពលរដ្ឋមានអាយុចាប់ពី ៥៥-៧៥ឆ្នាំ។

ក្នុងការធ្វើតេស្តនោះវ៉ាក់សាំង mRNA ត្រូវបានគេបែងចែកជា ៣ កម្រិត ដោយមានបរិមាណ ១០មីក្រូក្រាម ២៥មីក្រូក្រាម និង ៥០មីក្រូក្រាម ខណៈដែលវ៉ាក់សាំង Pfizer និង Moderna មានបរិមាណ ៣០មីក្រូក្រាម និង ១០០មីក្រូក្រាម។ លោកវេជ្ជបណ្ឌិត Chalermchai Boonyaleepun បានបន្តថា វ៉ាក់សាំង mRNA អាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេក្នុងរយៈពេលរហូតដល់ ៣ខែ​ ខណៈដែលវ៉ាក់សាំង Pfizer អាចរក្សាទុកបាន ១ ខែ និងវ៉ាក់សាំង Moderna ​អាចរក្សាទុកបានត្រឹម ១ សប្តាហ៍ប៉ុណ្ណោះ បើទុកក្នុងសីតុណ្ហភាពដូចគ្នានេះ។ វេជ្ជបណ្ឌិតរូបនេះបានអះអាងថា ខាងសាកលវិទ្យាល័យឡាឡុងកនកំពុងតែធ្វើការយ៉ាងសកម្មក្នុងការផលិតវ៉ាក់សាំង mRNA ឲ្យមានគុណភាពខ្ពស់ ហើយតាមការរំពឹងទុកគឺគេនឹងអាចប្រើប្រាស់វ៉ាក់សាំងនេះបានជាផ្លូវការនៅអំឡុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ ឬយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ ២០២២៕

ប្រភព៖ National Thailand

Turbo tech solutions