អបអរសាទរ!ទូរទស្សន៍ជាតិកម្ពុជា ឈ្នះពានរង្វាន់សំរិទ្ធ ក្នុងកម្មវិធីពានរង្វាន់ Telly លើកទី៤២ នៅសហរដ្ឋអាមេរិក

72

ភ្នំពេញ ៖ ទូរទស្សន៍ជាតិកម្ពុជា បានឈ្នះពានរង្វាន់សំរិទ្ធ ក្នុងកម្មវិធីពានរង្វាន់ Telly លើកទី៤២ នៅសហរដ្ឋអាមេរិក សម្រាប់កម្មវិធីព័ត៌មានធុរកិច្ចជាភាសាអង់គ្លេស Fortune Moment: All About Money ដែលសហការផលិត និងចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា និង Fortune Studio។

នៅក្នុងលិខិតមួយដែលលោកស្រី Jessica Fanh មន្រ្តី Fortune Studio ផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កម្មវិធី Fortune Moment: All About Money នេះមានភាពលេចធ្លោនៅក្នុងការប្រកួតប្រជែង និងទទួលបានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីអន្តរជាតិ ដោយសារតែភ្ញៀវដែលអញ្ជើញចូលរួម ជាភ្ញៀវលំដាប់ពិភពលោក ហើយជាកម្មវិធីដែលមានទស្សនវិស័យប្លែកនៅអាស៊ីអាគ្នេយ៍ មានទស្សនាទានចម្រុះ និងការផលិតកម្មតាមបែបទំនើប។

លោកស្រីបានបន្តថា ទូរទស្សន៍ជាតិកម្ពុជា គឺជាស្ថានីយ៍ទូរទស្សន៍តែមួយគត់នៅតំបន់អាស៊ាន ដែលបានឈ្នះពានរង្វាន់ Telly ឆ្នាំ២០២១។ ក្រៅពីទូរទស្សន៍ជាតិកម្ពុជា នៅក្នុងបញ្ជីនៃអ្នកឈ្នះពានរង្វាន់នេះក៏មានបណ្តាញសារព័ត៌មាន ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនល្បីៗជាច្រើន ដូចជាសារព័ត៌មាន BBC, CNBC, HBO, CGTN, KBS, AI Jazeera, Netflix, និង Disney ជាដើម។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ពានរង្វាន់ Telly ត្រូវបានគេស្គាល់ជាពានរង្វាន់សំខាន់បំផុតមួយ ដែលផ្តល់កិត្តិយសដល់ខ្សែវីដេអូ និងស្ថានីយ៍ទូរទស្សន៍ទាំងអស់។ នៅក្នុងឆ្នាំនេះ បេក្ខភាពជាង ១២ ០០០ មកពីទូទាំងពិភពលោក បានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់នេះ ហើយក្រុមប្រឹក្សាវិនិច្ឆ័យរួមមានអ្នកជំនាញឈានមុខគេជាង ២០០នាក់មកពីបណ្តាញទូរទស្សន៍ អង្គភាពសារព័ត៌មាន និងផលិតកម្មធំៗ។

លោកស្រី Fanh បាននិយាយថា «ការឈ្នះពានរង្វាន់ Telly នេះ គឺជាលទ្ធផលនៃការខិតខំរួមគ្នារវាង Fortune Studio និងក្រសួងព័ត៌មាន។ កម្មវិធី Fortune Moment: All About Money ត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២០។ កម្មវិធីនេះបានសម្ភាសន៍លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅ «ឪពុកអ្នកមាន ឪពុកអ្នកក្រ ដ៏ល្បីល្បាញ» ក៏ដូចជាវិនិយោគិន និងសហគ្រិនជោគជ័យជាច្រើន នៅរាជធានីភ្នំពេញ ទីក្រុងហុងកុង និងក្វាងចូវ ដែលបានបង្ហាញអំពីតួនាទីសំខាន់នៃទស្សនាទានត្រឹមត្រូវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ សម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការបង្កើតទ្រព្យសម្បត្តិ និងសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងនៅ កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍»៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions