ទីក្រុងបាងកកបានបើកការធ្វើតេស្តរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំមួយ នៅឯតំបន់អនាធិបតេយ្យ Khlong Toei ដើម្បីការពារមិនឲតំបន់នេះក្លាយជាចំណុចកណ្ដាលនៃការឆ្លងថ្មី

95

បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា មូលនិធិជំនួយសហគមន៍ទីក្រុងបាងកក (Bangkok Community Help Foundation) ដែលជាអង្គការសប្បុរសធម៌មួយ បានបើកការធ្វើតេស្ដរកជំងឺ COVID-19 ដ៏ធំមួយ នៅឯតំបន់អនាធិបតេយ្យ Khlong Toei ដើម្បីកំណត់អត្តសញ្ញាណករណីថ្មីៗ ជួយសម្រាលបន្ទុកដល់គ្រួសារ ដែលមានប្រាក់ចំណូលត្រឹមតែ ១៥០ ដុល្លារ ដើម្បីឱ្យពួកគេអាចទទួលបានការធ្វើតេស្ដទាំងអស់គ្នា និងទប់ស្កាត់មិនឱ្យតំបន់នេះក្លាយជាចំណុចកណ្ដាលនៃការឆ្លងថ្មីៗ។

ជម្រាបដែរថា តំបន់អនាធិបតេយ្យ Khlong Toei មានពលរដ្ឋរស់នៅទីនោះប្រហែល ១០០,០០០ នាក់ ខណៈពលរដ្ឋរស់នៅក្នុងផ្ទះតូចៗមានគ្នារហូតដល់ទៅ ១០នាក់ និងមានការប្រមូលផ្ដុំគ្នាច្រើន ដែលងាយធ្វើឱ្យតំបន់នេះក្លាយជាទីតាំងមួយ ដែលនឹងចម្លងជំងឺ COVID-19 ចេញទៅទូទាំងទីក្រុងបាងកកបាន។

កម្មវិធីរបស់ BCHF ក៏ធានាបាននូវគ្រែព្យាបាលនៅមន្ទីរពេទ្យ សម្រាប់អ្នកជំងឺ COVID-19 ផងដែរ ហើយកន្លងមកកម្មវិធីបានតេស្ដអ្នកជំងឺចំនួន ១,០០០ នាក់រួចមកហើយ ដោយក្នុងនោះមានពលរដ្ឋចំនួន ៥០ នាក់ បានទទួលលទ្ធផលវិជ្ជមាន។ ការចែកជូនអង្ករ និងបាយថ្ងៃត្រង់ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនេះ ដើម្បីជំរុញឱ្យពលរដ្ឋមកទទួលយកការធ្វើតេស្ដជំងឺ COVID-19 ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែមេសាមក ប្រទេសថៃបានប្រឈមនឹងរលកឆ្លងទី៣ ដ៏អាក្រក់បំផុតមួយ ជាមួយនឹងករណីជំងឺ COVID-19 សរុបចំនួន ១.៣ លាននាក់ និងការស្លាប់ ១៣,០០០ នាក់៕
ប្រភព៖ Channel News Asia

Turbo tech solutions