ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យផ្អាកការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ទូទាំងពិភពលោក រហូតដល់ឆ្នាំក្រោយ

111

WHO៖ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានជំរុញឱ្យមានការបញ្ឈប់ជាសកល លើការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រហូតដល់ឆ្នាំក្រោយ និងបាននិយាយថា វ៉ាក់សាំងបន្ថែមទាំងនេះគួរតែត្រូវបានបញ្ជូនទៅប្រទេសដែលមានប្រាក់ចំណូលទាប មិនមែនសម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងរួចហើយនោះទេ។ លោកបាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធថា៖«ខ្ញុំសូមអំពាវនាវឱ្យមានការពន្យារពេលការចាក់ដូសទី៣ ពន្យារពេលយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះ ដើម្បីឱ្យប្រទេសនីមួយៗអាចចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៤០% នៃប្រជាជនសរុបរបស់ខ្លួន»។

លោក Tedros Adhanom Ghebreyesus បានបន្ថែមថា នៅពេលដែលប្រទេសអ្នកមានស្ទើរតែទាំងអស់សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០% ហើយ ២ ភាគ ៣ នៃពួកគេខ្លះ បានសម្រេចការចាក់វ៉ាក់សាំងរហូតដល់ ៤០% នៃប្រជាជនសរុបរបស់ពួកគេ «គឺគ្មានប្រទេសដែលមានប្រាក់ចំណូលទាបណាមួយ អាចសម្រេចបានគោលដៅនោះទេ»។ ប្រធានអង្គការសុខភាពពិភពលោករូបនេះក៏បានទទួលស្គាល់ដែរថា វាប្រហែលជាចាំបាច់ត្រូវមានតម្រូវការដូសទី៣ បន្ថែមដល់អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ឬអ្នកអស់អង់ទិករការពារខ្លួន ប៉ុន្តែលោកនៅតែទទូចថា ឥឡូវនេះមិនមែនជាពេលគួរផ្ដល់ដូសទី៣ ដល់អ្នកដែលមានសុខភាពល្អស្រាប់ និងបានចាក់វ៉ាក់សាំងរួចរាល់ទេ៕

ប្រភព៖ RT

Turbo tech solutions