ស្រីលង្កា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែកញ្ញាម្សិលមិញនេះ នៃប្រទេសស្រីលង្កាបានជូនដំណឹងជាសាធារណៈមួយទៅកាន់ប្រជាពលរដ្ឋខ្លួន ដោយខាងអាជ្ញាធរបានស្នើសុំឲ្យពលរដ្ឋជាស្រ្តីនៅទូទាំងប្រទេសត្រូវពន្យាពេលមានផ្ទៃពោះយ៉ាងតិចណាស់មួយឆ្នាំសិន ដើម្បីការពារខ្លួនពីហានិភ័យផ្សេងៗដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ ១៩ ។
បើតាមលោក Chitramali de Silva ដែលជាប្រធានការិយាល័យលើកកម្ពស់សុខភាពនៃប្រទេសស្រីលង្កាបានបញ្ជាក់ថា ការស្នើសុំខាងលើនេះត្រូវបានធ្វើឡើងដើម្បីធានានូវសុវត្ថិភាពចំពោះក្រុមស្រ្តីមានផ្ទៃពោះ ដ្បិតកាលពីពេលថ្មីៗនេះអាជ្ញាធរសុខាភិបាលបានរកឃើញថា មានស្រ្តីមានផ្ទៃពោះចំនួន ៤១នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩។
ប្រធានការិយាល័យរូបនេះបានបន្តថា គិតត្រឹមពេលនេះមានស្រ្តីមានផ្ទៃពោះប្រមាណជា ៥,៥០០ នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយក្នុងនោះមាន ៧០%ជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ទៀតផង។ លោក Chitramali de Silva បានឲ្យដឹងទៀតថា នាពេលកន្លងមកអត្រាមរណភាពរបស់មាតានៅក្នុងប្រទេសស្រីលង្កាមានត្រឹមចន្លោះពី ៩០-១០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ តែតួលេខនេះបានកើនឡើងគួរឲ្យបារម្ភក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺបើគិតត្រឹមពីខែឧសភាមកដលក់ខែកញ្ញានេះមានស្រ្តីមានផ្ទៃពោះជាង ៤០នាក់ទៅហើយដែលបានស្លាប់បាត់បង់ជីវិត។
ការស្លាប់បាត់បង់ជីវិតរបស់ក្រុមស្រ្តីមានផ្ទៃពោះនោះទៀតសោធគឺបង្កឡើងដោយសាតែជំងឺកូវីដ ១៩ ប៉ុណ្ណោះ ខណៈនាពេលកន្លងមកក្រៅតែពីបញ្ហាកូវីដ ១៩ ក៏នៅមានហេតុផលផ្សេងៗទៀតដែលអាចធ្វើឲ្យស្រ្តីមានផ្ទៃពោះស្លាប់ផងដែរ។ គួររម្លឹកថា ប្រទេសស្រីលង្កាបានប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចាប់ពីខែមេសាមកនិងផ្តើមមានករណីស្លាប់ជាលើកដំបូងនៅក្នុងខែឧសភា ហើយគិតមកទល់នឹងពេលនេះស្រីលង្កាមានអ្នកឆ្លងសរុបជាង ៤៧ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺននាក់ផងដែរ៕
ប្រភព៖ Channel News Asia