ស៊ីម៉ាក់បន្តហ្វឹកហ្វឺនសុនខ ឱ្យមានសមត្ថភាពហិតស្វែងរកកូវីដ១៩ បានគ្រប់ទីកន្លែងមិនថាបណ្តោយខ្យល់ និងបញ្ច្រាសខ្យល់

70

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានបន្តធ្វើការហ្វឹកហ្វឺននូវសុនខជាច្រើនក្បាល ដើម្បីស្វែងរកមេរោគកូវីដ១៩ពីចម្ងាយ ក្រោយពីការហ្វឹកហ្វឺនវានឹងធ្វើការហិតស្វែងរកមេរោគនេះ បាននូវគ្រប់ទីកន្លែងទាំងអស់ មិនថាបណ្តោយខ្យល់ ឬបញ្ច្រាសខ្យល់នោះឡើយ។

យោងតាមផេកហ្វេសប៊ុកនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាCMAC បានលើកឡើងថា សូមកុំយល់ច្រឡំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុក្កែត ក្នុងបំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នកផ្ទុកវីរុសកូវីដ១៩ក្នុងចម្ងាយសុវត្ថិភាពណាមួយ សុនខហិតផ្ទាល់ហិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហិតនៅទីវាលទូទៅ..ហិតនៅខាងលើខ្យល់ ហិតនៅខាងក្រោមខ្យល់បក់…ជាដើម។ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសទាមទារភាពឆ្លាតវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតម្លៃ ដើម្បីចងក្រងជាឯកសារប្រតិបត្តិការនោះ។

កាលពីពេលកន្លងទៅ ឯកឧត្តម ហេង រតនា ធ្លាប់បានឱ្យដឹងដែរថា សត្វសុនខហិតមេរោគកូវីដ១៩ចំនួន៩ក្បាល នៅពុំទាន់ដាក់ឱ្យហិតស្វែងរកមេរោគកូវីដ១៩ទេ គឺកំពុងបន្តហ្វឹកហ្វឺនសមត្ថភាពបន្ថែមទៀត។ ការធ្វើតេស្តសត្វសុនខកន្លងមក វាមានសមត្ថភាពហិតក្លិនកូវីដ១៩ ចំពោះមនុស្ស ដែលគ្មានជំងឺប្រចាំកាយផ្សេងៗ គឺមានតែជំងឺកូវីដ ១៩តែមួយមុខប៉ុណ្ណោះ។ សត្វសុនខទាំងនេះ កំពុងហ្វឹកហ្វឺនជំនាញដំណាក់កាលទី២បន្ថែមទៀត ឱ្យហិតក្លិនលើអ្នកជំងឺទូទៅ ដែលមានផ្ទុកជាមួយជំងឺកូវីដ និងកំពុងហ្វឹកហ្វឺនពីសមត្ថភាពហិតក្លិនមេរោគកូវីដ១៩ ហើរនៅលើខ្យល់ និងស្រង់ក្លិនមេរោគកូវីដ១៩ នៅក្រោមខ្យល់។ ឯកឧត្តមបញ្ជាក់ទៀតថា សុនខទាំងនេះ មានការហ្វឹកហ្វឺនករណីពិសេស ហិតក្លិនមេរោគកូវីដ១៩បំប្លែងថ្មី ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីយកមេរោគកូវីដ១៩បំប្លែងថ្មី យកមកហ្វឹកហ្វឺនដល់សុនខទាំង នេះ ដែលជាដំណាក់កាលស្រាវជ្រាវនៅឡើយ ពុំទាន់មានគម្រោងដាក់សុនខទាំងនោះ ប្រើប្រាស់ហិតក្លិនមេរោគកូវីដ១៩ ជាសាធារណៈនៅឡើយទេ។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មជ្ឈមណ្ឌលស៊ីម៉ាក់កម្ពុជា ផលិតកូនសុនខ (កូនឆ្កែ) បានប្រមាណ ២០០ក្បាល មានមេសុនខចំនួន ១៥ក្បាល និងបាចំនួន៥ ទៅ៦ក្បាល ដើម្បីបង្កាត់កូន មានរយៈពេល៣ ទៅ៤ឆ្នាំ រួចមកហើយ ដើម្បីបន្តវេនសុនខចាស់ចូលនិវត្តន៍។ អ្នកហ្វឹកហ្វឺនសត្វសុនខ ហិតមេរោគកូវីដ១៩ គឺនៅមជ្ឈមណ្ឌលកំពង់ឆ្នាំង គឺជាគ្រូខ្មែរបានទៅហ្វឹកហ្វឺនពីកងទ័ពស៊ុយអ៊ែត និងអង្គការ អ៊ិនភីអេ (អតីតកងទ័ពមកពីប្រទេសអាល្លឺម៉ង់)។ បច្ចុប្បន្ននេះ ស៊ីម៉ាក់ មានសត្វសុនខចំនួនជាង ១០០ក្បាល កំពុងប្រតិបត្តិការតាម បណ្តាខេត្តមួយចំនួន៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions