ករណីបង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយជោគជ័យ

94

ព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង១០នាទី មានករណីផ្ទុះអាវុធ ចំនួន ៥-៦ គ្រាប់ នៅម្តុំចុងឆ្នេរអូរឈើទាល ពីមុខទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះដល់កន្លែងកើតហេតុទើបដឹងថាជាករណីដែលកម្លាំងសមត្ថកិច្ចកំពុងបង្ក្រាបជាករណីចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាអ្នកសំរបសំរួលនិតីវិធីផងដែរ ។ ក្រុមជនជាតិចិន ជាអ្នកចាប់ជំរិតមានអាវុធបានបាញ់ មុនបន្ទាប់មកក៏បានគេចខ្លួនឡើងទៅលើអគារ ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការ បង្ក្រាបករណីខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម៖ កន្លែងកើតហេតុ ក្បែរឆ្នេរសមុទ្រ ទីតាំងជាអគារមានកំពស់៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online ជុំវិញ មានអគារខ្ពស់ៗជាច្រើន ។ រកឃើញ អាវុធលាក់ទុក ចំនួន ៧ដើម ក្នុងនោះ អាវុធខ្លី ៥ដើម និងវែង២ដើម និងអាវការពារគ្រាប់ ជាមួយនោះបានរកឃើញ និង រំដោះជនរងគ្រោះជាចំណាប់ខ្មាំង ចំនួន០២នាក់ ជាជនជាតិចិន តាមរយៈកិច្ចសហការ ពីជនរងគ្រោះសមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ និង ដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ( ស្រី១នាក់ ) ជាជនជាតិចិនរួមទាំង អាវុធចំនួន ០៧ដើម បញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនិតីវិធីបន្ត ៕

អត្តបទ៖ យ៉ង់ អ៊ុំរ៉ាសុខ អ្នកយកព័ត៌មាន(ព្រះសីហនុ)
Turbo tech solutions