ការរងរបួលបែកក្បាលរបស់នារីជិះពីក្រោយ គឺប៉ះទង្គិចទៅនឹងគំរបលូ

102

ភ្នំពេញ៖ ដើមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូរងបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ គឺព្រោះជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណើរខាងក្រោយធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល នេះបើយោងតាមអះអាងដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យទៀតថា៖ ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបើកបរពីត្បូងទៅជើង ដោយបុរសម្នាក់ជាអ្នកបើកបរដឹកស្ត្រីម្នាក់។

ដោយឃើញអ្នកបើកបរ និងអ្នករួមដំណើរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះ បានបើកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ ឱ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណើរខាងក្រោយធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល។

ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចជា៖ ១. បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណរ, ២. បើកបរបញ្ច្រាសទិស, ៣. បើកបរលើសល្បឿនកំណត់ (40km/h), ៤. បើកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់, ៥. បើកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វេីការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់។

មាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើអ្នកបើកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ។ និយាយជារួមបើអ្នកបើកបរមិនល្មើសមិនបើករត់ នោះរឿងហេតុដែលបង្កឱ្យគ្រោះថ្នាក់ក៏មិនកើតមានឡើងឡើយ ៕

Turbo tech solutions