សម្ដេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា១លានដុល្លារ ដែលទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក យកទៅកសាងផ្ទះជូនអតីតយុទ្ធជន

92

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ថវិកាចំនួន ១លានដុល្លារអាមេរិក ដែលសម្ដេចតេជោទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមនោះ សម្ដេចនឹងឧបត្ថម្ភថវិកានោះសម្រាប់យកទៅកសាងផ្ទះជូនអតីតយុទ្ធជនទាំងអស់តែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ គឺក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ទើបបានទទួលបានមេដាយមាសសន្តិភាពពិភពលោក ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ខណៈការទទួលបានមេដាយនេះ គឺក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ដែលប្រារព្ធឡើងតាមប្រពន្ធអនឡាញនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

លុះដល់ពេលរសៀលថ្ងៃដដែល ពោលគឺក្នុងពិធីប្រគល់-ទទួលវិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថានឹងឧបត្ថម្ភថវិកាទាំង ១លានដុល្លារនោះ យកទៅកសាងផ្ទះសម្បែងជូនអតីតយុទ្ធជនដែលខ្វះខាតទាំង ១លានដុល្លារនោះតែម្ដង ដោយហេតុថា សម្ដេចតេជោ ហ៊ុន សែន ក៏ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានចូលរួមមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ទទួលបាននូវមេដាយ ១ ហើយមេដាយនោះអមដោយទឹកប្រាក់ ១លានដុល្លារ ដែលខ្ញុំសូមប្រកាសថា ១លានដុល្លារ ដែលខ្ញុំទទួលបានអមជាមួយមេដាយនោះ ខ្ញុំនឹងយកទៅកសាងឱ្យអតីតយុទ្ធជន»

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថវិកា ១លានដុល្លារនេះ ប្រសិនបើយកទៅធ្វើផ្ទះជូនអតីតយុទ្ធជនក៏បានច្រើនដែរ ខណៈផ្ទះមួយចំណាយអស់ប្រមាណ ៤ពាន់ដុល្លារ ព្រោះខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន។ ជាមួយគ្នានោះ សម្ដេចក៏បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានកសាងផ្ទះជូនអតីតយុទ្ធជនច្រើនណាស់ដែរ។

មេដឹកនាំការតស៊ូរកសន្ដិភាពជូនប្រទេសកម្ពុជារូបនេះ ក៏បានលើកឡើងអំពីការតស៊ូរបស់យុទ្ធជន និងអតីតយុទ្ធជនទាំងឡាយផងដែរ ដែលបានចូលរួមរំដោះប្រជាជនកម្ពុជា ស្រោចស្រង់ប្រទេសកម្ពុជាពីភ្លើងសង្គ្រាម ពីភាពអស្ថិរភាព រហូតក្រសោបបាននូវសុខសន្តិភាពយកមកជូនប្រទេស និងប្រជាជនកម្ពុជាមកទល់សព្វថ្ងៃ៕

Turbo tech solutions