ក្រសួងអប់រំសម្រេចផ្អាកការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍

58

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្តីការពីស្នើសុំផ្អាកជាគោលការណ៍នៃការប្រកួតកីឡា ប្រដាល់​គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិន​ទាន់ធូរស្បើយ។

នៅក្នុងលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ និង​ទើបទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ដោយយោងលើស្ថានភាពមិន​ទាន់​ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចជាគោល​ការណ៍ឱ្យ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

លោក ពេជ្រ សូផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបន្ទុកការងារ​បច្ចេក​ទេស និងការងារព័ត៌មានបានមានប្រសាសន៍ថា ការសម្រេចគឺផ្អាកការរៀបចំការប្រកួតមួយរយៈសិន ដែល​ការផ្អាកនេះមិនទាន់ដឹងច្បាស់អំពីការបរិច្ឆេទនៅពេលណានោះទេ ឬអាចពន្យារពេលដល់​ឆ្នាំ២០២២។ លោកបានបន្ដថា សម្រាប់គម្រោងថាមានប្រទេសណាចូលរួមខ្លះនោះ គឺសហព័ន្ធបានជូន​ដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ ប៉ុន្តែដោយសារការផ្អាកនេះមិនទាន់ច្បាស់លាស់ពី​ការចូលរួមថាមានកីឡាករប៉ុន្មាននាក់មកពីប្រទេសណាខ្លះនៅឡើយទេ។ លោកបានអះអាងថា គម្រោង​នៃព្រឹត្តិការណ៍​អាស៊ាន​នេះ គឺដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់កម្ពុជាឱ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ឆ្នាំ២០២២ នៅ​ប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ពេជ្រ សូផែន បានបញ្ជាក់ទៀតថា តាមផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែ បាន​ត្រៀមរៀបចំវិញ្ញាសា ដែលត្រៀមដាក់ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះមានចំនួន១០ប្រភេទទម្ងន់ ដូចជា​ប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៥១, ៥៤, ៧៥, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម។ ទោះ​ជាបច្ចុប្បន្ន ការប្រកួតជើងអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន​ប្រពៃណីជាតិខ្មែរមួយនេះត្រូវបានផ្អាកបណ្តោះអាសន្នក្តី ក៏លោកអគ្គលេខាធិការរងរូបនេះនៅតែរំពឹងថា កម្ពុជានឹងអាចរៀបចំការប្រកួតនេះបាន ក្នុងពេលដែលស្ថានភាពជំងឺនេះបានធូរស្បើយ ដើម្បីគោលដៅ​បង្កើនសិទ្ធផលរបស់កីឡាករប្រដាល់គុនខ្មែរឱ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ី​ហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions