ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍វិធានការ បង្ការការចម្លងវីរុសកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន

52

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍វិធានការ បង្ការការចម្លងវីរុសកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួន។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នា ថ្ងៃទី១៣ ខែកញ្ញានេះបានឱ្យដឹងថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្តាប្រទេសលើសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយ ជាក់ស្តែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០ ៥៦៣ ២២៧នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៤ ៥៦៥ ៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្តាប្រទេសដែលមានភូមិផងរបងជាប់យើងវិញ ក៏នៅតែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។

ដោយឡែកសម្រាប់កម្ពុជាវិញ ដោយមានកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំចង្អុលបង្ហាញផ្លូវ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលសង្កេតឃើញថា ចំនួនករណីជំងឺ កូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើង នៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរ នៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។ តាមរយៈនេះ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលសូមអំពាវនាវដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុង ទៅលើវ៉ាក់សាំងដែល លោកអុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់បានទទួលនោះទេពីព្រោះតាមរយៈអង្គការសុខភាពពិភពលោក ដែលបានចុះផ្សាយ៖ «វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់ សាំងរួច គឺនៅតែអាចឆ្លងបាន ប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ»។

ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយ បុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ តាមដានការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់ ដូចជាទីតាំង ៣ «ជ» (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) និងចាត់វិធានការរដ្ឋបាលសមស្របចាំបាច់។ ការចូលរួមរបស់បុគ្គល និងសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំទោះជាបងប្អូនទាំងអស់បានចាក់ វ៉ាក់សាំងរួចហើយក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions