ក្រុមតាលីបង់៖​ និស្សិតស្រី និងនិស្សិតប្រុស និងត្រូវញែកដាច់ពីគ្នានៅតាមសកលវិទ្យាល័យនានា ហើយឯកសណ្ឋានថ្មីនឹងត្រូវបានណែនាំនាពេលក្រោយទៀត

17

អាហ្វហ្គានីស្ថាន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមតាលីបង់នឹងញែកដាច់ពីគ្នារវាងនិស្សិតស្រី និងនិស្សិតប្រុស នៅតាមសកលវិទ្យាល័យនានា ហើយឯកសណ្ឋានថ្មីនឹងត្រូវបានណែនាំនាពេលក្រោយទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Abdul Baqi Haqqani បានបញ្ជាក់ថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យចូលរៀន ប៉ុន្តែមិនអាចរៀនជាមួយក្រុមបុរសបានទេ។ លោកក៏បានប្រកាសពីការពិនិត្យឡើងវិញ ចំពោះមុខវិជ្ជាដែលសិស្សនឹងត្រូវសិក្សាផងដែរ។ ការប្រកាសនេះហាក់ដូចជាប្លែកបន្ដិច ដោយសារស្ត្រី និងក្មេងស្រី ត្រូវបានគេហាមឃាត់មិនឱ្យទៅសាលា និងសាកលវិទ្យាល័យនោះទេ កាលពីជំនាន់ក្រុមតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ១៩៩៦ និង ២០០១ ។

ពោលគឺក្រុមតាលីបង់បាននិយាយថា ពួកគេនឹងមិនរារាំងស្ត្រីមិនឱ្យទទួលបានការអប់រំ ឬមានការងារធ្វើឡើយ។ ប៉ុន្តែចាប់តាំងពីពួកគេដណ្តើមបានការគ្រប់គ្រងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកគេបានស្នើសុំស្ត្រីទាំងអស់ ដោយលើកលែងតែអ្នកនៅក្នុងវិស័យសុខាភិបាលសាធារណៈ ឱ្យនៅឆ្ងាយពីការងាររហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។ ការប្រកាសកាលពីថ្ងៃអាទិត្យនៃគោលនយោបាយឧត្តមសិក្សានេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកតាលីបង់ បានលើកទង់ជាតិរបស់ពួកគេនៅលើវិមានប្រធានាធិបតី ដែលជាសញ្ញានៃការចាប់ផ្តើមរដ្ឋបាលរបស់ពួកគេ បន្ទាប់ពីបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីមួយខែមុន។

អ្នកខ្លះនៅតែជឿថា ច្បាប់ថ្មីនេះនឹងធ្វើឱ្យស្ត្រីមិនអាចទទួលបានការអប់រំនោះទេ ព្រោះថាសាកលវិទ្យាល័យមិនមានធនធានគ្រប់គ្រាន់ ដើម្បីផ្តល់ថ្នាក់រៀនដែលអាចញែកសិស្សឱ្យដាច់ដោយឡែកពីគ្នា។ ទោះយ៉ាងណាក៏ដោយ លោក Haqqani បានអះអាងហើយថា ប្រទេសខ្លួនមានគ្រូបង្រៀនជាស្ត្រីគ្រប់គ្រាន់ ហើយថាកន្លែងដែលពួកគេមិនមានជម្រើសផ្សេងទៀតនឹងត្រូវរកដំណោះស្រាយជាក្រោយទៀត៕

ប្រភព៖ BBC

Turbo tech solutions