កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

31

ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែ ឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិ របស់ប្រទេសអូស្ត្រាលី។

ប៉ុន្ដែទោះបីជាក្រុមហ៊ុននេះ ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែ ពីក្រសួងរ៉ែ និងថាមពលរដ្ឋ ហើយក៏ដោយ ក៏មិនទាន់អាចចាប់ផ្ដើមប្រតិបត្ដិការអាជីវកម្ម របស់ខ្លួនភ្លាមៗបានដែរ គឺត្រូវមានការឯកភាពលើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ពីក្រសួងបរិស្ថាន។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ថា «ក្រុមហ៊ុននេះនឹងចាប់ផ្តើមប្រតិបត្តិការ ស្វែងរុករករ៉ែ បន្ទាប់ពីទទួលបានការឯកភាព លើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ពីក្រសួងបរិស្ថាន»។

លោក អ៊ឹង ឌីប៊ូឡា បានឲ្យដឹងទៀតថា ក្នុងសុពលភាពនៃអាជ្ញាបណ្ណលើកទី១ ដែលផ្ដល់ជូនក្រុមហ៊ុននេះ មានរយៈពេល៣ឆ្នាំ ស្របតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រង អាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ។ ចំពោះផែនការស្វែងរុករករ៉ែ របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក្នុងដំណាក់កាលដំបូង រយៈពេល៣ឆ្នាំនេះ គឺពុំទាន់អាចវាយតម្លៃ ឬបង្ហាញពីបរិមាណមាសថា មានឬបានចំនួនប៉ុន្មាននៅឡើយនោះទេ។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា អត្ថប្រយោជន៍ និងផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងសង្គម កើតចេញពីការអនុវត្តគម្រោងនេះ រួមមាន៖

* ការផ្តល់ឱកាសការងារ និងប្រាក់ចំណូល
* កាត់បន្ថយចំណាកស្រកទៅក្រៅប្រទេស
* បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ
* ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ
* ការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក (Local Content)
* ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន
* ការកំណត់ទិន្នន័យ និងសក្តានុពលធនធានរ៉ែ និងធនធានធម្មជាតិផ្សេងទៀត នៅក្នុងតំបន់គម្រោង។

សូមជម្រាបថា នាពេលថ្មីៗនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងជំនួបនោះ អភិបាលខេត្តត្បូងឃ្មុំ បានស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំណុចណាមួយ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឲ្យមានការ ថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

តំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្តស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ រ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នា ទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា។

គូសបញ្ជាក់ថា ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេសអូស្ត្រាលី ដែលបានរុករ៉ែជាច្រើនប្រទេសមកហើយ ក្នុងនោះ មាននៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ ក្រុមហ៊ុននេះកំពុងតែប្រតិបត្តិការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ផងដែរ៕

Turbo tech solutions