វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១០,៥៨៥ករណីក្នុងមួយថ្ងៃ» និងស្លាប់២៥០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

66

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៥៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៣០១នាក់។

ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៥០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៤៥,៦៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤១២,៦៥០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៦,១៨៦នាក់៕

Turbo tech solutions