ដូចជាយកជីវិតមកលេងសើចពេកហើយ! បើករថយន្តពេទ្យទាំងងងុយដេកចុងក្រោយបុករនាំងដែកការដ្ឋានសាងសង់ស្ពានអាកាសចោមចៅ

42

ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមួយបើកបរក្នុងល្បឿនលឿនក្នុងអាការៈងងុយដេកបានរេចង្កូតមកបុករនាំងបាំងការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១:១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំនុចការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។អ្នកបើកបររថយន្តបានបញ្ជាក់ថា រថយន្តរបស់គាត់ម៉ាក Hyundai Starex ពណ៍សពាក់ស្លាកលេខ ព្រះសីហនុ 2A-7826 ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់តែគ្មានដឹកអ្នកជម្ងឺនោះទេ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំនុចកើតហេតុអ្នកបើកបរបានដេកលក់មួយភាំងក៏រេចង្កូតទៅបុករនាំងដែកបាំងការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបណ្តាលអោយអ្នកណាម្នាក់រងរបួស ។

ក្រោយកើតហេតុដោយមិនមានខូចខាតសម្បត្តិសាធារណៈ និងមិនមានអ្នករងរបួសទើបរថយន្តក៏ត្រូវបានម្ចាស់អូសយកទៅជួសជុល ។

Turbo tech solutions