រដ្ឋមន្ត្រីកសិកម្ម៖ ការចិញ្ចឹមសត្វ និងសម្លាប់ក្នុងគោលបំណងដើម្បីហូបជាលក្ខណៈគ្រួសារ គឺពុំមានទោសទណ្ឌនោះទេ

79

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បកស្រាយថា ការចិញ្ចឹមសត្វ និងសម្លាប់ក្នុងគោលបំណងដើម្បីហូបជាលក្ខណៈគ្រួសារ គឺពុំមានទោសទណ្ឌនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន EAC News

ក្នុងការចេញផ្សាយដោយ សារព័ត៌មាន EAC News ស្រង់សម្តី រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន បានប្រាប់ថាការចិញ្ចឹមសត្វសម្រាប់បរិភោគ ក្នុងគ្រួសារ គឺពុំមានទោសទណ្ឌចែងក្នុងច្បាប់នោះទេ។ លោកបន្ថែមថា ការចាប់សាច់ដែលធ្វើអាជីវកម្មដោយពុំមានការអនុញ្ញាត គឺដើម្បីការពារការឆ្លងរាលដាលនៃជំងឺរបស់សត្វទៅសត្វ ឬពីសត្វទៅមនុស្ស។

លោកប្រាប់ EAC News ថា ៖ « បើយើងកាប់លក់ត្រូវសុំច្បាប់! ព្រោះគោលដៅរបស់យើងគឺការពារជំងឺឆ្លង ដូចជាគោមានដុំពកស្បែកអីជាដើម។ ឃើញគោឈឺអន់ៗ យកទៅកាប់ថោកៗ ធ្វើឲ្យមានរឿងរ៉ាវ ដល់ពេលឆ្លងរាលដាល ដូចជ្រូកអីអញ្ចឹងដល់ពេលឆ្លងរាលដាលទៅ ព្រោះយើងចេះតែទិញជ្រូកឆ្លងជំងឺហ្នឹងមកបរិភោគ។ បើយើងបរិភោគក្នុងគ្រួសារខ្លួនឯងវាមិនអីទេ យើងកាប់ហើយ យើងស្ល យើងខហូប តែក្នុងគ្រួសារឯងវាមិនអី តែដល់ពេលយើងទិញយកទៅវាធ្វើទៅ វាធ្វើឲ្យឆ្លងដល់អ្នកដទៃ » ។

លោកក៏បាន បន្ថែមទៀតដែរថា ករណីចាប់សាច់សត្វពពែដែលធ្វើឲ្យសម្ដេចមានប្រតិកម្មនោះគឺ កើតឡើងក្នុង ខេត្តកណ្តាល ដោយលោកបញ្ជាឲ្យធ្វើរបាយការណ៍លំអិត ដើម្បីបកស្រាយជូនសម្ដេចតេជោ ផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមួយ ធ្វើការស្រាវជ្រាវ និងបំភ្លឺជូនសម្តេច ចំពោះករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែទទួលទាន។

Turbo tech solutions