ក្រសួងសុខាភិបាល ចេញសារភ្លាមៗដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ពង្រឹងការអប់រំផ្សព្វផ្សាយ និងចូលរួមវិធានការសុខាភិបាល ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោយមានការហក់ឡើងវិញការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន

234

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ស្ដីពីការពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជប់ខ្ជួន។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ រីឯការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានវឌ្ឍនភាពគួរជាទីមោទនៈ។ ប៉ុន្តែ ទោះបីជាបងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩នោះឡើយ។ ក្នុងពេលថ្មីៗនេះ មានការហក់ឡើងវិញនៅការចម្លងកូវីដ-១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀត នូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាពក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយប្រើប្រាស់ខ្លឹមសារ វិធានការ ៣ការពារ និង៣កុំ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង រាជធានី-ខេត្តនៅទូទាំងប្រទេស និងបង្កើនការទទួលខុសត្រូវរបស់បុគ្គលិកការថែទាំ សុខភាពផ្ទាល់ខ្លួន និងជំរុញចូលរួមរបស់សហគមន៍ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល​ បានបន្តទៀតថា ដូច្នេះ ខ្ញុំសូមក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ និងសូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុត្តយុទ្ធនាការជាតិ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ឲ្យបានខ្ជាប់ខ្ជួន។

Turbo tech solutions
HQP