សប្តាហ៍នេះគ្រូពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជួយសម្រាលកូនជូនស្ត្រីមានជំងឺកូវីដ១៩ ចំនួន ៧នាក់

135

សៀមរាប៖ បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្តី តែបេសកកម្មរបស់គ្រូពេទ្យដើម្បីជួយដល់អ្នកជំងឺ ក៏ដូចជាស្ត្រីគ្រប់ខែត្រូវសម្រាលកូនមិនអាចផ្តេកផ្តួល ឬត្រូវអាកខានព្រោះតែខ្លាចរអាចំពោះជំងឺកូវីដ១៩នោះឡើយ។

ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋខ្មែរដែលមានបញ្ហានានា ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តបេសកកម្មរបស់ពួកគេដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ទោះត្រូវប្រឈមមុខនឹងមេរោគកូវីដ១៩ក្តី។ នៅក្នុងសប្តាហ៍នេះ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬហៅថាមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប បានរួមគ្នាជួយសម្រាលកូនជូនស្ត្រីមានផ្ទុកមេរោគកូវីដ១៩ ចំនួន ៧នាក់ ដែលស្ត្រីខ្លះមានកូនភ្លោះ ហើយស្ត្រីខ្លះមានភាពមិនប្រក្រតីក្នុងការសម្រាលផងដែរ។

ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យ បានជួយសម្រាលស្ត្រីទាំង៧នាក់ ខ្លះសម្រាលដោយធម្មជាតិ និងខ្លះទៀតដោយការវះកាត់ រហូតទទួលបានជោគជ័យ និងបង្កើតបានទារក ទារិកាចំនួន ៨នាក់។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យ បានឱ្យដឹងថា នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីគ្រប់ខែវិជ្ជមានកូវីត១៩ ចំនួន ២នាក់ ដោយសម្រាលតាមរយៈការវះកាត់។ ស្ត្រីទី១ មានអាយុ ៣២ ឆ្នាំ កូនខ្សោយ សម្រាលបានកូនស្រីទម្ងន់ ២.៧គីឡូក្រាម។ ស្ត្រីទី២ មានអាយុ ៣៨ឆ្នាំ កូនខ្សោយ សម្រាលបានកូនប្រុសទម្ងន់ ៣.១គីឡូក្រាម។

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីគ្រប់ខែមានវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ តាមរយៈការវះកាត់។ ក្នុងនោះស្ត្រីទី១ មានអាយុ ២៧ឆ្នាំ កូនខ្សោយ មាត់ស្បូនលែងបើក សម្រាលបានកូនប្រុសទម្ងន់ ៣.៨គីឡូក្រាម និងទី២ ស្ត្រីមានអាយុ ២១ឆ្នាំ កូនខ្សោយ មាត់ស្បូនអត់បើក សម្រាលបានកូនស្រីទម្ងន់ ៣គីឡូក្រាម។

លុះនៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីគ្រប់ខែមានវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ទៀត តាមរយៈការវះកាត់ផងដែរ។ ក្នុងនោះស្ត្រីទី១ មានអាយុ ២៩ឆ្នាំ មានជំងឺក្រឡាភ្លើង កូនកើតបញ្ច្រាស់ សម្រាលបានកូនប្រុសទម្ងន់ ៣.៧គីឡូក្រាម ហើយស្ត្រីទី២ មានអាយុ ៣៤ឆ្នាំ កូនខ្សោយ មាត់ស្បូនអត់បើក សម្រាលបានកូនប្រុសទម្ងន់ ៣.១គីឡូក្រាម។

មួយករណីទៀតនៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ជួយសម្រាបលស្ត្រីមានផ្ទៃពោះគ្រប់ខែមានវិជ្ជមានម្នាក់ទៀត។ ស្ត្រីរូបនេះ មានកូនភ្លោះ ហើយសម្រាលតាមធម្មជាតិ។ ស្រ្តីរូបនេះ មានអាយុ ៣៥ឆ្នាំ សំរាលបានកូនប្រុសទី១ ទម្ងន់ ២.៨គីឡូក្រាម និងកូនប្រុសទី២ ទម្ងន់ ៣.១គីឡូក្រាម។

ជាមួយនឹងការសម្រេចបានបេសកកម្មក្នុងសម្រាលកូនជូនស្ត្រីៗមានផ្ទុកមេរោគកូវីដ១៩ទាំងនេះ បាននាំឱ្យមានការសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យពីសំណាក់សាធារណជនផងដែរ។

រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនមានគិតថ្លៃនោះឡើយសម្រាប់មនុស្សគ្រប់គ្នា និងគ្មានការរើសអើងនោះឡើយ។ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានប្រឹងប្រែងបំពេញបេសកកម្មនេះដោយជោគជ័យ។

មន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគធនធានរបស់ខ្លួន ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា បន្តបេសកកម្មក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកខ្វះខាត៕

Turbo tech solutions