សារព័ត៌មានWASHINGTON (Reuters) បានអោយដឹងថាកាលពីថ្ងៃពុធ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសភូមា លោកស្រី Christine Schraner Burgener បានប្រាប់សម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “មានការបង្ហូរឈាមមួយជិតមកដល់” ដោយសារតែការបង្ក្រាបរបស់យោធាកាន់តែខ្លាំងឡើងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ។
លោកស្រី Schraner Burgener បានប្រាប់សម័យប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសថា យោធាដែលបានដណ្តើមអំណាចនៅក្នុងប្រទេស មីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈមិនមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសទេ ហើយបានព្រមានថាស្ថានភាពជាក់ស្តែងនឹងកាន់តែអាក្រក់ទៅៗ នេះបើយោងតាមការអត្ថាធិប្បាយដែលបានផ្តល់ទៅអ្នកសារព័ត៌មាន ។
លោកស្រីបាននិយាយថា “ការពិចារណារាល់មធ្យោបាយដែលមានដើម្បីចាត់វិធានការរួម និងធ្វើអ្វីដែលត្រូវអ្វីហើយដែលប្រជាជនមីយ៉ាន់ម៉ាសមនឹងទទួលបាន និងការបង្កាមហន្តរាយដល់គ្រប់វិស័យនៅក្នុងប្រទេសស្ថិតនៅចំកណ្តាលទ្វីបអាស៊ីនេះ” ។
លោកស្រី Schraner Burgener បាននិយាយថាក្រុមប្រឹក្សាត្រូវតែពិចារណាលើ “សកម្មភាពសំខាន់ដ៏មានសក្តានុពល” ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ត្រលប់ទៅរកស្ថានភាពដើមវិញ ដោយហេតុថា “ការបង្ហូរឈាមនឹងជិតមកដល់” ។
ប្រទេសអង់គ្លេសបានស្នើសុំឲ្យមានការប្រជុំនៅឯអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលកាន់តែអាក្រក់ទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បើយោងតាមរបាយការណ៍របស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ យ៉ាងហោចណាស់មានជនស៊ីវិល ៥២១ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលក្នុងចំណោមនោះមាន ១៤១ នាក់បាន សម្លាប់កាលពីថ្ងៃសៅរ៍ដែលជាថ្ងៃបង្ហូរឈាមដ៏ធំបំផុត។
បន្ថែមពីនេះ ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងរវាងកងទ័ព និងក្រុមបះបោរជនជាតិភាគតិចនៅតាមតំបន់ព្រំដែន។ ជនភៀសខ្លួនដែលភៀសខ្លួនចេញពីភាពចលាចលទាំងនោះកំពុងស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសជិតខាង ៕

