យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងដកហូតបានកាំភ្លើងខ្លីមួយដើមក្រោយប្លន់ម៉ូតូពីយុវជនម្នាក់ទៀត

84

កំពង់ស្ពឺ៖ សមត្ថកិច្ចបានអោយដឹងថា, យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។

សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា, ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
របាយការណ៍របស់នគរបាលស្រុកបសេដ្ឋដដែលបានឱ្យដឹងថា, យុវជនជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកពីរនាក់ផ្សេងទៀតដែលបានគេចខ្លួនបាត់មានឈ្មោះ ១- ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និង ២- ឈ្មោះ វិន អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ ។

សមត្ថកិច្ចបានបន្តថា, នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាន ម៉េងហ័ង បានរៀបរាប់សារភាពឱ្យដឹងថា រូបគេនិងបក្ខពួកប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានជិះម៉ូតូមួយគ្រឿងម៉ាក់ប៊ីត ពណ៌ខៀវលាយស ពាក់ស្លាក់លេខ 1R 3815 ទៅចំនុចខាងលើរងចាំស្ទាក់ប្លន់មិនរើសមុខ ។ គ្រានោះក៏បានឃើញម៉ូតូមួយគ្រឿង ក្រុមគេធ្វើសកម្មភាពភ្ជង់ប្លន់យុវជនម្នាក់ដែលជិះម៉ូតូឌុបគ្នា យកបានម៉ូតូ១គ្រឿង ម៉ាកសង់ពណ៌ក្រហមផលិតឆ្នាំ២០២០ បិទតែមឡើងសេរីឆ្នាំ២០២១ រួចជិះគេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលស្ទាក់ចាប់តែម្តង។

តាមរបាយការណ៍នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យឺន កាលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ជិះឌុបគ្នាជាមួយឈ្មោះ សុខ ម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ ។ ក្រោយស្ទាក់ចាប់កម្លាំងជំនាញបានឃាត់ខ្លួនយុវជនម្នាក់ដកហូតបានអាវុធខ្លីកែច្នៃមួយដើមនិងមធ្យោបាយធ្វើសកម្មភាពម៉ូតូប៊ីតមួយគ្រឿង ។ក្នុងប្រតិបត្តិការស្ទាក់ចាប់នោះដែរកម្លាំងនគរបាលស្រុកក៏បានដកហូតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាC១២៥ពណ៌ក្រហមពាក់ស្លាកលេខ១ID ៧១៧៩ ត្រលប់មកវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋដើម្បីកសាងសំណុំរឿងបន្តនីតិវិធី រីឯម៉ូតូជនរងគ្រោះក៏បានធ្វើប្រគល់ជូនជនរងគ្រោះវិញហើយដែរ ។

ចំណែកមុខសញ្ញាជាបក្ខពួកសង្ស័យក្នុងអំពើប្លន់ សមត្ថកិច្ចកំពុងបើកប្រតិបត្តិការស៉ើបរុករកដើម្បីចាប់ខ្លួនយកមកប្រគល់ឱ្យអយ្យការផ្តន្ទាទោសតាមផ្លូវច្បាប់៕

Turbo tech solutions