អបអរសាទរ! កម្ពុជាយកឈ្នះកោះហ្គាំ ១-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះ AFC Asian Cup 2023

62

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) ដែលទើបបញ្ចប់ការប្រកួតនៅរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

ការប្រកួតដែលចាប់ផ្ដើមនាម៉ោង ១២៖៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលានេះ ក្រុមគោព្រៃកម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីកោះហ្គាំ ១គ្រាប់នៅវគ្គទី១ ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី២៦ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត ។

វាជាគ្រាប់បាល់ដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ ដ្បិតក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលាខាងមុខ នៅកីឡដ្ឋាន Khalifa Sport City ដដែល ។ ជំនួបជើងទី២ កម្ពុជា ត្រូវការត្រឹមស្មើកោះហ្គាំប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើឡើងវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ និងលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសឧបត្ថម្ភ រាល់ការស៊ុតបញ្ចូលទីកោះហ្គាំ ១គ្រាប់ចំនួន ៥,០០០ដុល្លារផងដែរ ៕

រូបភាព ៖ សហពន្ធ័កីឡាបាល់ទាត់កម្ពុជា

Turbo tech solutions