អភិបាលរាជធានីជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយរាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញបណ្ណចាក់វាក់សាំង

62

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ។

ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀលថ្ងៃទី១១ខែតុលានេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនឹងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាដើម្បីបង្ការនិងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ ស្កាត់កូវីដ-១៩ ឱ្យបានល្អប្រសើរចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាល ពីសប្តាហ៍មុននេះ។ដូច្នេះឯកឧត្តមអភិបាលរាជធានីសូមឱ្យអាជ្ញាធរខណ្ឌខណ្ឌទាំង១៤ ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរឯកឧត្តមឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋដាក់រហស្សនាមថា ជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលប្រជាពលរដ្ឋបានល្អ និងក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត បំពេញការងារ ទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩នេះ ពោលគឺអាជ្ញាធរនិងកងម្លាំងយើងអនុវត្តបានយ៉ាងល្អ ទៅតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺការរក្សា អាយុជីវិត បងប្អូនប្រជាពលរដ្ឋឱ្យបានគង់វង្ស ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ឯក ឧត្តមឃួង ស្រេង ក៏នៅតែជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ អនុវត្តការងារ ក្នុងការ ទប់ស្កាត់ការរីករាលដាលនេះឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដែលអាចឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ -ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការ រស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរ ការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions