ឡានកុងតឺន័រមួយគ្រឿង បួងចង្កូតគេចជ្រុលបុកចូលរបងផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងធំ ខណ្ឌកំបូល

51

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿន បួងចង្កូតគេចពីរថយន្តខាងមុខបត់ឆ្លងផ្លូវ ជ្រុលបុកចូលរបងផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចទាំងរបង ទាំងរថយន្ត តែមិនប៉ះពាល់ដល់មនុស្ស ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវលេខ៤២ ភូមិបឹងធំ២សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-8957 បើកបរដោយឈ្មោះ សុខ គឹមហឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ យានដ្ឋាន សង្កាត់ព្រៃស ខណ្ឌដង្កោ មានទីលំនៅ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ យឹម ធីម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ របងខូចខាតបាក់អស់មួយផ្ទាំង ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក បើកល្បឿនលឿន ពីជើងទៅត្បូង វ៉ាក់អើជាមួយរថយន្តហ្វ័ត បើកច្រាសទិស បត់ឆ្លងផ្លូវស្លន់ស្លោបួងចង្កូតគេចជ្រុល ទើបទៅបុករបងផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនប៉ះពាល់ដល់មនុស្ស ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យផលប៉ះពាល់ ការខូចខាត របងផ្ទះពលរដ្ឋ ទើបទុកឱកាសឲ្យខាងក្រុមហ៊ុននិយាយចរចាគ្នាជាមួយម្ចាស់ផ្ទះ។

ម្ចាស់ផ្ទះរងគ្រោះវិញ ទាមទារសំណងខូចខាតចំនួន២០០០ដុល្លារ បើពុំនោះទេមានតែប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ ត្រយង

Turbo tech solutions