សម្ដេចតេជោ ហ៊ុន សែន បន្ដផ្ដល់អំណោយជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចំនួន៩នាក់ទៀត ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

56

បាត់ដំបង-បន្ទាយមានជ័យ៖ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៩នាក់បន្ថែមទៀតហើយ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនលោកតា លោកយាយ ដល់ខ្នងផ្ទះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកតា លោកយាយ ទាំង៩នាក់ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖

*ទី១៖ លោកយាយ ទូច យ៉ុន អាយុ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
*ទី២៖ លោកយាយ អេង មុំ អាយុ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
*ទី៣៖ លោកតា គង់ សេម អាយុ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
*ទី៤៖ លោកយាយ ណៃ ថោង អាយុ១០១ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហា ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
*ទី៥៖ លោកតា ឡៃ ខាំផាន់ អាយុ១០១ឆ្នាំ រស់នៅភូមិក្បតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
*ទី៦៖ លោកយាយ ឆៅ វិញ អាយុ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
*ទី៧៖ លោកយាយ ថូ ឈិន អាយុ១០៣ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
*ទី៨៖ លោកយាយ មាស ផល អាយុ១០៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
*ទី៩៖ លោកយាយ ជុំ សាវឿន អាយុ១០០ឆ្នាំ រស់នៅភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

ទាំងលោកតា និងលោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេច ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុ១០០ឆ្នាំឡើង បានចំនួន១៤៥នាក់រួចហើយ ខណៈនៅមួយចំនួនទៀត នឹងយកទៅប្រគល់ជូនដល់ខ្នងផ្ទះជាបន្ដបន្ទាប់៕

Turbo tech solutions