សម្តេចក្រឡាហោម ស ខេង បញ្ជាក់មូលហេតុនាំឱ្យមានការដោះដូរ អភិបាលខេត្តពោធិ៍សាត់ និងកំពត

51

កំពត៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការដោះដូរអភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តកំពត គឺដោយសារអាណត្តិការងាររបស់អភិបាលខេត្តពោធិ៍សាត់ ត្រូវដល់ពេលវេលាកំណត់តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត មិនមែនដោយសារបញ្ហាអ្វីផ្សេងនោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះក្នុងពេលអញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្រោយមានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងការប្តូរអភិបាលខេត្ត។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្តូរអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺផ្តើមចេញពីលោក ម៉ៅ ធនិន អស់អាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេលពីរអាណត្តិស្មើនឹង ៨ឆ្នាំ ស្របទៅច្បាប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត។

សម្តេចក្រឡាហោម បន្តថា ដោយសារអស់អាណត្តិការងារ ខណៈដែលលោក ម៉ៅ ធនិន នៅមានសមត្ថភាពក្នុងការគ្រប់គ្រងខេត្ត និងអាយុមិនទាន់ចូលនិវត្តន៍នៅឡើយនោះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងផ្ទេរការគ្រប់គ្រងខេត្ត ដោយយកលោក ម៉ៅ ធនិន ទៅដាក់នៅខេត្តកំពត ហើយយកលោក ជាវ តាយ ទៅខេត្តពោធិ៍សាត់តែម្តង។

សម្តេចក្រឡាហោម បានបញ្ជាក់ដូច្នេះ «នេះជាហេតុផលពិត គ្មានហេតុផលក្រៅពីហ្នឹងទេ។ ដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃ ឬដោយសារខេត្តកំពតធ្លាក់ដៃ ក៏មិនមែនដែរ។ មូលហេតុដោយសារពេលវេលានេះឯង អាណត្តិទទួលខុសត្រូវតាមច្បាប់រៀបចំអង្គការ គឺច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង បានចែងយ៉ាងដូច្នេះ»

បើតាមសម្តេចក្រឡាហោម ស ខេង ករណីបែបនេះ គឺមិនមែនតែលោក ម៉ៅ ធនិន នោះទេ គឺមានលោក ថោង សាវុន អតីតអភិបាលខេត្តរតនគិរីផងដែរ។

សូមបញ្ជាក់ថា នៅពេលថ្មីៗរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោះដូរអភិបាលខេត្តចំនួន៧រូប ដោយលោក ម៉ៅ ធនិន ដូរពីខេត្តពោធិ៍សាត់ ទៅខេត្តកំពត ហើយលោក ជាវ តាយ ដូរពីកំពត ទៅពោធិ៍សាត់, លោក សុខ លូ ដូរពីខេត្តកំពង់ធំ ទៅបាត់ដំបង ហើយលោក ងួន រតនៈ ដូរពីបាត់ដំបូង ទៅកំពង់ធំ, លោក ថង សាវុន ដូរពីរតនគិរី ទៅមណ្ឌលគិរី និងតែងតាំងលោក ញែម សំអឿន ពីអភិបាលរង ទៅជាអភិបាលខេត្តរតនគិរី។

ដោយឡែកអតីតអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ត្រូវបានដូរទៅជាអភិបាលខេត្តស្ទឹងត្រែង ហើយលោក ម៉ុម សារឿន អតីតអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ៕

Turbo tech solutions