អ្នករត់កង់បីម្នាក់យកកាំបិតចាក់បុរសជនជាតិចិនម្នាក់បណ្តាលអោយរងរបួស ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅក្រុងសៀមរាប

102

ខេត្តព្រះសីហនុ : នគរបាលបានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់មានមុខរបរជាអ្នករត់ម៉ូតូកង់៣ ពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយជនសង្ស័យបានយកកាំបិតចាក់ជនជាតិចិនម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចហើយគេចខ្លួនទៅខេត្តសៀមរាប។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៤:០០ នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ CHEN JIALI​ ភេទ ប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ ចិន កាលពីយប់ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​០៤​និង​២១នាទី​ទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៉ីហ៊ូ​ ស្ថិតនៅក្រុម២​ ភូមិ១​ សង្កាត់លេខ៣​ក្រុងព្រះសីហនុ។

លោកស្នងការបានបន្តទៀតថា មូលហេតុនាំអោយមានករណីនេះគឺ ជនរងគ្រោះបានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុ ក៍កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ក្នុងពេលនោះអ្នកបើកម៉ូតូកង់៣ បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេង​បណ្តាលអោយរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតីហើយបច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្សយ័បានគេចខ្លួនទៅខេត្តសៀមរាប។

ក្រោយការឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

រូបភាព : Huy Bunleng News

Turbo tech solutions