ជនបរទេសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេក បង្កការអុកឡុករំខានដល់ប្រជាពលរដ្ឋទាំងកណ្តាលយប់

108

ភ្នំពេញ : បុរសជនជាតិបរទេសម្នាក់មាឌធំដំបងក្នុងអាការៈស្រវឹងស្រាបានដើរអុកឡុកដោយយកដុំថ្មគប់ទៅលើផ្ទះប្រជាពលរដ្ឋជាច្រើនទីតាំងនិងស្រែកឡូឡាកណ្ដាលយប់ផ្អើលគេផ្អើលឯង កាលពីវេលាម៉ោងប្រមាណ ១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង 21BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងផ្ទះដែលត្រូវបានជនបរទេសខាងលើបង្កការអុកឡុកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ថាដំបូងជនបរទេសខាងលើបានអង្គុយដោះអាវជក់បារីនៅខាងមុខទីតាំងផ្ទះគាត់ ហើយក៏បានស្រែកឡូឡាផ្អើលគេផ្អើលឯង រួចបានយកដុំថ្មគប់ទៅលើទ្វាផ្ទះប្រជាពលរដ្ឋជាច្រើនទីតាំង ។ដោយមានការភិតភ័យពេកទើបប្រជាពលរដ្ឋបាននាំគ្នាទាក់ទងទៅកម្លាំងសមត្ថកិច្ចដើម្បីចុះជួយអន្តរាគមន៍ចំពោះករណីនេះ ព្រោះជនបរទេសនេះបានបង្កការរំខានជាខ្លាំងខណៈប្រជាពលរដ្ឋកំពុងសំរាន្តលង់លក់ ។

ក្រោយការសាកសួររបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានទៅកាន់ជនបរទេសម្នាក់នោះនៅចំនុចទីតាំងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ជនបរទេសម្នាក់នេះបានផឹកស្រាស្រវឹងខ្លាំងបាត់បង់ស្មារតីទើបវង្វេងវង្វាន់ស្មានថាទីតាំងនេះជាផ្ទះរបស់ខ្លួន ទើបបង្កអោយមានករណីនេះ ។

ករណីនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនបរទេសម្នាក់នេះយកទៅដេកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់១មួយយប់សិនដើម្បីកុំអោយមានការរំខានដល់ប្រជាពលរដ្ឋបន្តទៀត ។

Turbo tech solutions